ជំនួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា
—————————————–
នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងសហការី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត Stefan Hanselmann ប្រធានក្រុមការងារ GIZ នៃកម្មវិធីអភិវឌ្ឍន៍សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងគោលបំណងស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការនានានៅថ្ងៃអនាគត។ នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម សាកលវិទ្យាធិការបានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍សង្ខេបពីវឌ្ឍនភាព កិច្ចសហប្រតិបត្តិការជាមួយ GIZ និងសក្តានុពលរបស់សាកលវិទ្យាល័យជាតិបាត់ដំបងជូនឯកឧត្តមឯកអគ្គរដ្ឋទូត និងប្រតិភូ។ នៅក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូត Christian Berger បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផល និងកោតសរសើរពីការរីកចម្រើនរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងបន្តជួយគាំទ្រលើកិច្ចសហប្រតិបត្តិការងារនានាតាមការស្នើសុំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។