ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយវិទ្យាល័យចំនួន១០ ក្នុងខេត្តព្រះវិហារនៅរសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយវិទ្យាល័យចំនួន១០ ក្នុងខេត្តព្រះវិហារ ដែលពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ តំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោកនាយកវិទ្យាល័យទាំង១០ ដែលដឹកនាំដោយលោកស្រី គឹម គន្ធារីន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រីកការសហប្រតិបត្តិការ និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ និងបណ្តុះបណ្តាលនៅក្នុងខេត្តព្រះវិហារក៏ដូចជាភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួរបញ្ជាក់ផងដែរថាកិច្ចសហប្រតិបត្តិការនេះគឺជាកត្តាដែលសំខាន់ក្នុងការជួយអភិវឌ្ឍធនធានមនុស្ស និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកលើវិស័យអប់រំ ក៏ដូចជាដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ។ បន្ទាប់ពីពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការនេះ គណៈប្រតិភូបានចុះទស្សនកិច្ច វឌ្ឍនភាពសាកលវិទ្យាល័យជាតិបាត់ដំបង ដែលមានដូចជាមន្ទីរពិសោធន៍វិស្វកម្មសំណង់ស៊ីវិល បច្ចេកវិទ្យា Network កែច្នៃអាហារ បណ្ណាល័យ និងជាពិសេសអាងហែលទឹកទៀតផង។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយវិទ្យាល័យ ក្នុងខេត្តព្រះវិហារ
ផ្សាយនៅ ខែវិច្ឆិកា 26, 2021