កិច្ចប្រជុំពិភាក្សាស្តីពី៖ របាយការណ៍វឌ្ឍនភាពនៃគម្រោងចំនួនបី រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
………………………………………………………….
នៅព្រឹកថ្ងៃអង្គារ៍ ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី៖ របាយការណ៍វឌ្ឍនភាពនៃគម្រោងចំនួនបីរួមមាន៖
១. គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា (HEIP ITC-NUBB)
២. គម្រោង FOODSTEM
៣. គម្រោង LBE
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានបទបង្ហាញពីវឌ្ឍនភាពនៃគម្រោងទាំងបី ដែលបទបង្ហាញត្រូវបានធ្វើឡើងដោយលោកស្រី ចាន់ សុខា ព្រឹទ្ធបុរសស្តីទីនៃមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា លោកបណ្ឌិត ស្រ៊ាន ពៅ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ និងលោកបណ្ឌិត ជា រដ្ឋា នាយកសាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមសាកលវិទ្យាធិការ ព្រមទាំងឯកឧត្តមបណ្ឌិត នាយកវិទ្យាស្ថាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តគម្រោងកន្លងមកប្រកបដោយភាពផ្លែផ្កា និងមានវឌ្ឍនភាពជាបន្តបន្ទាប់។