នៅព្រឹកថ្ងៃសុក្រ ១១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ខែកញ្ញា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយវិទ្យាល័យចំនួន២ ក្នុងខេត្តប៉ៃលិន គឺវិទ្យាល័យហ៊ុនសែនសាលាក្រៅ និងវិទ្យាល័យហ៊ុនសែនទេពនិមិត្តប៉ៃលិន។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយលោកនាយកវិទ្យាល័យទាំងពីរ ដែលមានលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន ជាសាក្សីផងដែរ។ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ឯកឧត្តម សាកលវិទ្យាធិការ បានមានប្រសាសន៍ថាអនុស្សរណៈពិតជាមានសារៈសំខាន់ណាស់ដែលនឹងជួយបំពេញអោយគ្នាទៅវិញទៅមក និងដើម្បីផ្សារភ្ជាប់វិទ្យាល័យជាមួយសាកលវិទ្យាល័យ រួមគ្នាកសាងធនធានមនុស្សនៅភូមិភាគពាយ័ព្យនៃកម្ពុជា។ នៅក្នុងពិធីនេះផងដែរ លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានថ្លែងការកោតសរសើរចំពោះការរៀបចំអោយមានពិធីចុះអនុស្សរណៈនេះឡើង ព្រមទាំងប្តេជ្ញាជួយជំរុញបន្ថែមដើម្បីធ្វើសហប្រតិបត្តិការលើវិស័យអប់រំក្នុងខេត្តប៉ៃលិនកាន់តែល្អប្រសើរថែមទៀត។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ផ្សាយនៅ ខែតុលា 19, 2021