នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញចូលរួមជាអធិបតីនៃពិធីប្រគល់បណ្ណសរសើរដល់ប្រធាន និងអនុប្រធានថ្នាក់នៃសាលាក្រោយបរិញ្ញាបត្រ និងកម្មវិធីសិក្ខាសាលាស្តីអំពីការត្រៀមខ្លួនសម្រាប់ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងនោះផងដែរឯកឧត្តមសាកលវិទ្យាធិការបានវាយតម្លៃខ្ពស់ក្នុងការចូលរួមរបស់ប្រធាន និងអនុប្រធានថ្នាក់ទាំងអស់ និងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមសាកលវិទ្យាធិការ ក៏បានបញ្ជាក់អំពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យទាំងផ្នែករឹង និងទន់ក្នុងរយៈពេល៧ខែចុងក្រោយ ក្រោមការដឹកនាំគ្រប់គ្រងរបស់ឯកឧត្តមផ្ទាល់ ដែលធ្វើឱ្យសាកលវិទ្យាល័យបានផ្លាស់ប្តូរមុខមាត់ថ្មី ទទួលបានការជឿទុកចិត្តពីសំណាក់មហាជន និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ។



