រសៀលថ្ងៃចន្ទ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងថ្នាក់ដឹកនាំបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃស្ថានឯកអគ្តរាជទូតនៃព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជាដឹកនាំដោយលោក Jirawuth SUWANNA-ARJ ជាទីប្រឹក្សារដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងប្រធានការិយាល័យជំរុញពាណិជ្ជកម្មអន្តរជាតិនៃស្ថានទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាកលវិទ្យាធិការបានមានមតិថ្លែងអំណរអរគុណចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យជាតិបាត់ដំបង ព្រមទាំងបានជម្រាបជូនគណៈប្រតិភូពីវឌ្ឍនភាពថ្មីៗរបស់សាកលវិទ្យាល័យជាតិបាត់ដំបង និងជាពិសេសពីវឌ្ឍនភាពនៃគម្រោងសិក្សាភាសាថៃរបស់ដេប៉ាតឺម៉ង់ភាសាថៃ។ នៅក្នុងជំនួបនេះដែរ លោក Jirawuth SUWANNA-ARJ បានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ ជាពិសេសពីបរិស្ថាន អនាម័យ និងសោភណ្ឌភាពដ៏ស្រស់ស្អាតរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ ជាទីបញ្ជប់ សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នាទៅវិញទៅមក ក្នុងការអនុវត្តគម្រោងភាសាថៃនៅសាកលវិទ្យាល័យជាតិបាត់ដំបងនាពេលកន្លងមក ព្រមទាំងបានប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តការលើវិស័យសិក្សាធិការ ឱ្យបានកាន់តែរឹងមាំថែមទៀតនាពេលអនាគត។
![](https://nubb.edu.kh/wp-content/uploads/2021/08/IMG_9427-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/08/IMG_9422-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2021/08/IMG_94671-1024x683.jpg)