នៅថ្ងៃព្រហ្បស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកបណ្ឌិតសំ រ៉ានី លោកទៀង ម៉ូរិន លោកញាណ វត្ថនា និងបុគ្គលិកមហាវិទ្យាល័យដទៃទៀតដែលស្ថិតនៅក្នុងគម្រោងអ៊ីរ៉ាស្មូស RecoASIA បានចូលរួមសិក្ខាសាលាស្តីពី “ការពិនិត្យមើលពង្រាងចុងក្រោយលើគម្រូការរៀបចំសាកលវិទ្យាល័យ: នីតិវិធីនៃការទទួលស្គាល់គុណភាពអប់រំ និងបទពិសោធន៍នៅតាមសាកលវិទ្យាល័យនានានៅអឺរ៉ុប។ សាកលវិទ្យា ល័យឡាគីឡា (ប្រទេសអ៊ីតាលី) សាកលវិទ្យាល័យអន្តរជាតិវិទ្យាសាស្រ្តសង្គម (Guido Carli ប្រទេសអ៊ីតាលី) និង សាកលវិទ្យាល័យតាទូ (ប្រទេសអេស្ទូនៀ) បានសហការរៀបចំសិក្ខាសាលានេះ ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ដើម្បីពង្រឹងសមត្ថភាពក្នុងការធ្វើអន្តរជាតិតូបនីយកម្មឧត្តមសិក្សានៅទូទាំងពិភពលោក និងបញ្ហាការទទួលស្គាល់គុណភាពអប់រំរវាងគ្នាទៅវិញទៅមកនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ី។
សូមគូសបញ្ជាក់ផងដែរថា គម្រោង RecoASIA ជាកិច្ចសហប្រតិបត្តិការនៅលើវិស័យនៃការទទួលស្គាល់គុណភាពអប់រំនៅតាមបណ្តាប្រទេសអាស៊ី។ គម្រោងនេះមានគោលបំណងផ្តល់នូវភាពអនុគ្រោះ និងជួយបង្កើនគុណភាពនៃការធ្វើចលនាបំលាស់ទីស្មើភាពគ្នានៅក្នុងប្រព័ន្ធឧត្តមសិក្សាអឺរ៉ុប និងអាស៊ី តាមរយៈការបង្កើនការទទួលស្គាល់គុណភាពនៃគុណវុឌ្ឍិនៅក្នុងតំបន់អឺរ៉ុប និងអាស៊ី។ គម្រោងនេះមានដៃគូចម្បងចំនួន២០ និងដៃគូរងចំនួន៤ ដែលមកពីប្រទេស អ៊ីតាលី ប្រទេសកម្ពុជា ប្រទេសអេស្ទូនៀ ប្រទេសម៉ុងហ្គូលី ប្រទេសស្រីលង្កា ប្រទេសថៃ និងប្រទេសវៀតណាម។ ចំពោះព័ត៌មានលម្អិត សូមមេត្តាចូលទៅកាន់គេហទំព័ររបស់គម្រោង៖ http://www.recoasia.eu/