ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសាកលវិទ្យាល័យជាតិមានជ័យ៖
នៅរសៀលថ្ងៃអង្គារ ៦កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យជាតិមានជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងពិធីចុះអនុស្សរណៈយោគយល់នេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ជា សឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិមានជ័យ បានឡើងអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យក្នុងបរិបទកំណែទម្រង់របស់គណៈកម្មការជូនឯកឧត្តមប្រធានគណៈអធិបតីផងដែរ។ ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់នេះផងដែរ ឯកឧត្តម ស សុខា បានកោតសសើរដល់ថ្នាក់់ដឹកនាំ និងសមាជិក សមាជិការ នៃគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិទាំងពីរ ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់លំដាប់ថ្នាក់ដែលបានខិតខំអនុវត្តន៍តាមផែនការកំណែទម្រង់របស់គណៈកម្មការ ទទួលបានលទ្ធផលគួរជាទីមោទន។
ក្នុងស្មារតីយោគយល់ និងផលប្រយោជន៍ទៅវិញទៅមករវាងសាកលវិទ្យាល័យជាតិបាត់ដំបង និង សាកលវិទ្យាល័យជាតិមានជ័យ ព្រមព្រៀងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការដឹកនាំ គ្រប់គ្រង ការងារបច្ចេកទេស ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវ ព្រមទាំងកិច្ចសហប្រតិបត្តិការចំាបាច់មួយចំនួន។ អនុស្សរណៈយោគយល់គ្នានេះ មានគោលបំណងដូចខាងក្រោម៖
ក- ចែករំលែកបទពិសោធការដឹកនាំ និងគ្រប់គ្រង
ខ- ចែករំលែកការប្រើប្រាស់បណ្ណាល័យ មន្ទីរពិសោធន៍ កសិដ្ឋានពិសោធន៍ កីឡដ្ឋាន សាលសន្និសីទនិងសម្ភារៈរូបវន្តសិក្សាដែលគាំទ្រដល់កិច្ចការសិក្សាស្រាវជ្រាវរបស់និស្សិត បុគ្គលិក និងគ្រូបង្រៀន
គ- ផ្លាស់ប្តូរបទពិសោធរបស់បុគ្គលិកនិងគ្រូបង្រៀនលើផ្នែកបង្រៀន ការគ្រប់គ្រងនិស្សិត ការរៀបចំនិងអនុវត្តកម្មវិធីសិក្សា និងការស្រាវជ្រាវ
ឃ- សហការរៀបចំកម្មវិធីពង្រឹង និងកសាងសមត្ថភាពបុគ្គលិកនិងគ្រូបង្រៀន
ង-ផ្លាស់ប្តូរការសិក្សានិងការស្រាវជ្រាវរបស់និស្សិត
ច- ទទួលស្គាល់ក្រេឌីតសិក្សារបស់និស្សិតគ្រប់កម្រិតសិក្សា
ឆ- សហការស្វែងរកនិងអនុវត្តគម្រោងនានាទាំងកម្រិតជាតិនិងអន្តរជាតិ។
ចំណុចខាងលើអាចធ្វើការកែតម្រូវបានក្នុងករណីចាំបាច់ដោយមានការឯកភាពពីគូភាគី។គូភាគីត្រូវរៀបចំក្រុមការងារដើម្បីពិភាក្សាលម្អិតលើការអនុវត្តចំណុចខាងលើក្នុងការជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឱ្យមានដំណើរការប្រកបដោយប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ក្នុងការអភិវឌ្ឍអង្គភាពទាំងពីរ។