សាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០២១ បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយវិទ្យាល័យរដ្ឋចំនួន២៥ នៅទូទាំងខេត្តបាត់ដំបង ក្រោមកិច្ចសហការសម្របសម្រួល ដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង នៅសាលសន្និសីទ មហានគរនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

ការរៀបចំកម្មវិធីនេះ ស្របតាមផែនការកំណែទម្រង់របស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង និងផែនការយុទ្ធសាស្រ្តរបស់ សាកលវិទ្យាល័យ ជាពិសេសតាមមតិណែនាំរបស់លោក ស សុខា ប្រធានគណៈកម្មការគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។

លោក សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានថ្លែងថា ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សារភ្ជាប់គ្រឹះស្ថានអប់រំមធ្យមសិក្សា និងគ្រឹះស្ថានឧត្តមសិក្សាឆ្ពោះទៅការអភិវឌ្ឍធនធានមនុស្សឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តឆ្នាំ២០២១-២០៣០ នឹងក្លាយជា «គ្រឹះស្ថានអប់រំឧត្តមសិក្សាពហុជំនាញ និងស្រាវជ្រាវដែលមានកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ»

លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានលើកឡើងថា ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅវិទ្យាល័យរដ្ឋទាំង២៥ នឹងចាប់ផ្តើមមានកិច្ចសហការគ្នា ជាផ្លូវការដោយបញ្ជូនថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្រៀន និងសិស្សានុសិស្សមកទស្សនកិច្ចសិក្សា ក៏ដូចជាប្រើប្រាស់ហេដ្ឋារចនាសម្ពន្ធ ដ៏សម្បូរបែបរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដូចជាបណ្ណាល័យ ទីលានកីឡដ្ឋាន មន្ទីរពិសោធន៍ផ្នែកវិទ្យាសាស្រ្ត កសិកម្ម សាលអនុវត្តកុំព្យូទ័រ ទេសចរណ៍ អាជីវកម្ម។

ជាពិសេសសាកលវិទ្យាល័យ នឹងផ្តល់ឱកាសដល់សិស្សានុសិស្ស ស្វែងយល់ពីជំនាញសិក្សានៅក្នុងថ្នាក់ឧត្តមសិក្សា ដើម្បីឲ្យពួកគេបង្កើតក្តីសុបិន្ត និងសម្រេចក្តីសុបិន្តរបស់ពួកគេ តាមរយៈការជ្រើសរើសជំនាញសិក្សា និងអាជីពមួយដ៏សមស្របប្រកបដោយគុណភាព និងប្រសិទ្ធភាព នៅពេលសិក្សានៅសាកលវិទ្យាល័យនាពេលអនាគត។

លើសពីនេះទៀត សាកលវិទ្យាល័យជាតិបាត់ដំបង នឹងត្រៀមចុះកិច្ចព្រមព្រៀងជាមួយវិទ្យាល័យរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួនបន្ថែមទៀត ដើម្បីបង្រៀន ជំនាញបំណិនជីវិតផ្នែកកសិកម្ម និងបច្ចេកទេស ក្រោមគម្រោងភាពជាដៃគូក្នុងវិស័យ វិទ្យាសាស្រ្តបច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យាជាមួយសាលាមធ្យមសិក្សាក្នុងប្រទេស (STEM Local Partnership) ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង ជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលបានស្ថាបនាឡើងក្រោមគំនិតផ្តួចផ្តើម និងកៀរគរថវិកា ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឆ្នំា២០០៧។ ការរៀបចំពិធីនេះ ធ្វើឡើងស្របតាមស្តង់ដាសុវត្ថិភាពនានា ដែលកំណត់ដោយក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *