ស្ទឹងសង្កែជាប្រភពទឹកដ៏សំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានតំលៃសង្គម សេដ្ឋកិច្ច បរិស្ថាន និងវប្បធម៌ដ៏មហាសាលមិនអាចកាត់ថ្លៃបាន។ស្ថិតក្នុងបរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សនៃបរិស្ថានបង្កដោយការប្រែប្រួលអាកាសធាតុ និងសកម្មភាពមនុស្ស(បម្រែបម្រួលការប្រើប្រាស់ដី ពិពិធកម្មក្នុងវិស័យកសិកម្ម និងឧស្សាហកម្ម) ស្ថានភាពនៃគុណភាពទឹកនិងជីវចម្រុះក្នុងស្ទឹងជាបញ្ហាចោទដែលត្រូវសិក្សាស្រាវជ្រាវដើម្បីធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីក្នុងស្ទឹងសង្កែឆ្លើយតបនឹងការប្រែប្រួលខាងលើ។
ក្រុមស្រាវជ្រាវនៃមន្ទីរពិសោធន៍អេកូឡូស៊ីទឹកសាប(ECOFRESH)នៃសាកលវិទ្យាល័យជាតិបាត់ដំបង បាននឹងកំពុងសិក្សាពីគុណភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងស្ទឹងសង្កែដោយប្រើប្រាស់ស្លែបាតស្ទឹង(Benthic diatoms)ជាសូចនាករ(Bioindicator)ក្នុងការវាយតម្លៃពីស្ថានភាពសុខាមាលស្ទឹងសង្កែ (River ecosystem health)ដែលវិធីសាស្រ្តដំបូង និងថ្មីនៅកម្ពុជា អនុញ្ញាតអោយក្រុមស្រាវជ្រាវអាចវាយតម្លៃបានសុក្រិតលើគុណភាពទឹកស្ទឹង ជាងវិធីសាស្រ្តប្រពៃណីដែលយើងប្រើប្រាស់លក្ខណៈរូប និងគីមីរបស់ទឹកមកធ្វើជាមូលដ្ឋានក្នុងការវិនិច្ឆ័យគុណភាពទឹកស្ទឹង។
វិធីសាស្រ្តថ្មីនេះច្របាច់បញ្ចូលគ្នានូវលក្ខណៈរូប គីមី និងជីវៈសាស្រ្ត ក្នុងការបង្កើតសូចរនាកររួមមួយ(Ecological indicator)សម្រាប់វាស់វែងគុណភាពទឹកក្នុងស្ទឹងសង្កែ។ស្លែបាតស្ទឹង(Benthic diatoms)អាចផ្តល់ព័ត៌មានបានសុក្រិតពាក់ព័ន្ធនឹងការបំពុលផ្សេងៗបង្កដោយសកម្មភាពមនុស្ស។
ដូច្នេះការសិក្សាស្រាវជ្រាវនេះមានសារៈសំខាន់ដែលអាចអោយយើងដឹងពីបម្រែបម្រួលគុណភាពប្រព័ន្ធអេកូឡួស៊ីស្ទឹងសង្កែ ជាមូលដ្ឋានក្នុងការសិក្សាស្រាវជ្រាវបន្តនិងការបង្កើតធានាគាទិន្នន័យ(Scientific data bank)សម្រាប់ស្ទឹងសង្កែ បង្កើនចំណេះវិទ្យាសាស្រ្តលើស្ទឹងសង្កែដែលធានាបាននូវនិរន្តរភាពនៃការប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដែលឆ្លើយតបនឹងការប្រែប្រួលសាកលនៃបរិស្ថាន។ទន្ទឹមនឹងនេះកម្មវត្ថុនៃការសិក្សាស្រាវជ្រាវស្របនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៦-១១-១៣ និង១៤ (SDGs 6, 11, 13 &14) និងយុទ្ធសាស្រ្តបរិស្ថានថ្នាក់ជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ ២០១៦-២០២៣ (NESAP, 2016-2023)។ គម្រោងស្រាវជ្រាវនេះមានការចូលរួមពីមន្ទីរពិសោធន៍ការវិវត្តន៍ និងជីវចម្រុះ (Laboratoire d’Évoluation & Diversité Biologique-EDB)នៃសាកលវិទ្យាល័យទូលូ (Université Toulouse 3 – Paul Sabatier)ប្រទេសបារាំង និងផ្តល់មូនិធិដោយវិទ្យាស្ថានជាតិស្រាវជ្រាវដើម្បីការអភិវឌ្ឍន៍ប្រកបដោយចីរភាពបារាំង (Institut de Recherche pour le Développement)។
សកម្មភាពក្រុមស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិបាត់ដំបងកំពុងចុះអង្កេតស្ថានភាពប្រព័ន្ធអេកូឡូស៊ីស្ទឹងសង្កែនិងប្រមូលសំណាកទឹក សំណាកស្លែបាតស្ទឹង។