(ភ្នំពេញ)៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (ស.ភ.ភ.ព.) និងសាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ.) នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំកម្មវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមវត្តមានលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

កម្មវិធីចុះអនុស្សរណៈនៃការយោគយល់នេះ បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្តោតសំខាន់លើការបង្កើននូវគុណភាព ប្រសិទ្ធភាពនៃការងារអប់រំ ស្រាវជ្រាវ និងនវានុវត្តន៍នៅកម្រិតឧត្តមសិក្សា ពិសេសមាន៣ចំណុចគឺ៖

១៖ ពិនិត្យមើលលទ្ធភាពក្នុងការផ្លាស់ប្តូរបុគ្គលិកសម្រាប់បង្រៀន ស្រាវជ្រាវ និងកិច្ចពិភាក្សាដែលផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរ
២៖ សិក្សាស្វែងយល់អំពីលទ្ធភាពក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សាគ្រប់កម្រិត
៣៖ ស្វែងរកគម្រោងអភិវឌ្ឍន៍ដែលផ្តល់ផលប្រយោជន៍ដល់ស្ថាប័នទាំងពីរ។

នាពេលកន្លងមក សាកលវិទ្យាល័យទាំងពីរក៏ធ្លាប់បានធ្វើកិច្ចប្រតិបត្តិជាមួយគ្នាមួយចំនួនផងដែរ លើការងារកែលម្អកម្មវិធីសិក្សា និងការអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និស្សិត ពិសេសក្នុងក្របខណ្ឌកម្រោងសហភាពអឺរ៉ុប (Erasmus Mundus និង Erasmus+ CBHE)។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យទាំងពីរ ក៏ជាសាកលវិទ្យាល័យគោលដៅ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក (World Bank) ជ្រើសរើសជាសាកលវិទ្យាល័យគំរូ ក្នុងការអនុវត្តគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សា (Higher Education Improvement Project/HEIP) នៅកម្ពុជា។

លោក ជេត ជាលី បានថ្លែងឲ្យដឹងបន្ថែមថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងចូលរួមចំណែកពង្រឹង និងពង្រីកបន្ថែមវិសាលភាព នៃកិច្ចសហប្រតិបត្តិរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង សាកលវិទ្យាល័យជាតិបាត់ដំបង សំដៅដល់ការលើកកម្ពស់កិត្យានុភាព និងឧត្តមភាពរបស់សាកលវិទ្យាល័យទាំងពីរលើឆាកជាតិ និងអន្តរជាតិ ឲ្យស័ក្តិសមជាសាកលវិទ្យាល័យជាតិគំរូនៅកម្ពុជា។

លោកបន្តថា ទន្ទឹមនឹងនេះអនុស្សរណៈនៃការយោគយល់គ្នានេះ គ្របដណ្តប់កិច្ចសហប្រតិបត្តិការលើផ្នែកគ្រប់គ្រងអប់រំ និងទំនាក់ទំនងអន្តរជាតិ សំដៅធ្វើឲ្យប្រសើរឡើង នូវកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើជំនាញអប់រំ និងទំនាក់ទំនងអន្តរជាតិ ដែលជំនាញមានទីផ្សារការងារខ្ពស់ និងមានតម្រូវការសង្គមសេដ្ឋកិច្ច ស្ថិតក្នុងបរិបទនៃកំណែទម្រង់វិស័យសិក្សាធិការជាតិ ពិសេសអនុវិស័យឧត្តមសិក្សា ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុកវិស័យអប់រំជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងចក្ខុវិស័យអប់រំឧត្តមសិក្សាឆ្នាំ២០៣០ ក្នុងការកសាងប្រព័ន្ធឧត្តមសិក្សាមួយប្រកបដោយគុណភាព ដើម្បីអភិវឌ្ឍធនធានមនុស្សឲ្យមានចំណេះដឹង ជំនាញ និងសីលធម៌ខ្ពស់សម្រាប់ការងារ និងរស់នៅក្នុងយុគសម័យនៃសកលភាវូបនីយកម្ម និងសង្គមពុទ្ធិ។

លោក សុខ ឃន បានឲ្យដឹងដែរថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខាថ្ងៃនេះ ឆ្លុះបញ្ចាំងពីការកសាងភាពជាដៃគូរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យជាតិបាត់ដំបង ដែលជាយុទ្ធសាស្រ្តគន្លឹះក្នុងការពន្លឿនការកែលម្អគុណភាព និងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលនៅឧត្តមសិក្សា ដើម្បីសម្រេចបាននូវចក្ខុវិស័យ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើឲ្យប្រសើរឡើងនូវកម្មវិធីសិក្សា សកម្មភាពរៀន និងបង្រៀនពិសេសការកសាងសមត្ថភាពគ្រូបង្រៀន និងការផ្តល់ដល់និស្សិតនូវ ចំណេះដឹង ចំណេះធ្វើ ទស្សនទាននៃការអប់រំ និងបំនិនសតវត្សទី២១ ឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ស្របតាមអនុសាសន៍ណែនាំ សម្តេចក្រឡាហោម ស ខេង ក្នុងកម្មវិធីចែកសញ្ញាបត្រ ដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ដែលសម្តេចបានក្រើនរំលឹកថា «គ្រូបង្រៀនឲ្យនិស្សិតច្នេះ មិនមែនបង្រៀនឲ្យចប់នេះទេ ដោយឡែក និស្សិតត្រូវរៀនឲ្យចេះ មិនមែនរៀនឲ្យចប់នោះទេ»។

ដូច្នេះអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាថ្ងៃនេះ នឹងកសាងនូវមូលដ្ឋានក្នុងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវរបស់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរ ក្នុងដោះស្រាយបញ្ហាប្រឈមលើការងារគ្រប់គ្រងអប់រំ ទំនាក់ទំនងអន្តរជាតិ ព្រមទាំងបន្ថែមភាពលេចធ្លោលើឆាកជាតិ និងអន្តរជាតិលើវិស័យសិក្សាធិការ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ពិសេសប្រែក្លាយកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *