១.១ មតិស្វាគមន៍របស់នាយក

វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងសូមស្វាគមន៍!

វិទ្យាស្ថានភាសាបរទេសមានដេប៉ាតឺម៉ង់ចំនួន៥ គឺដេប៉ាតឺម៉ង់ភាសាអង់គ្លេស ដេប៉ាតឺម៉ង់ភាសាកូរ៉េ ដេប៉ាតឺម៉ង់ភាសាបារាំង និងដេប៉ាតឺម៉ង់ភាសាចិន ដែលជាមជ្ឈមណ្ឌលភាសាបរទេសឈានមុខគេនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ យុគសម័យអន្តរជាតិនិងសាកលភាវូបនីយកម្មបានជម្រុញឱ្យមានការប្រើប្រាស់ភាសាបរទេសក្នុងការធ្វើទំនាក់ទំនងជាមួយជាតិសាសន៍ដទៃក្នុងពិភពលោក ជាពិសេសគឺការធ្វើសហប្រតិបត្តិការនៅកម្រិតអន្តរជាតិ។ នៅក្នុងប្រទេសកម្ពុជា តម្រូវការធនធានមនុស្សដែលមានចំណេះដឹងខ្ពស់ ព្រមទាំងបន្ថែមនូវចំណេះដឹងផ្នែកភាសាបរទេសជ្រៅជ្រះទៀតនោះកំពុងមានការកើនឡើងជាលំដាប់។ ឆ្លើយតបទៅនឹងតម្រូវការនេះ វិទ្យាស្ថានភាសាបរទេសធ្វើការបណ្តុះបណ្តាលជំនាញភាសាបរទេសគ្រប់កម្រិតប្រកបដោយវិជ្ជាជីវៈ និងស្របតាមស្តង់ដាជាតិនិងអន្តរជាតិតាមរយៈគ្រូជនជាតិខ្មែរដែលបានបញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យល្បីៗនៅបរទេស និងគ្រូជនជាតិបរទេសដែលទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថានទូតនិងសាកលវិទ្យាល័យជាមិត្ត។ នាពេលអនាគតវិទ្យាស្ថានភាសាបរទេសនឹងធ្វើការបណ្តុះបណ្តាលបន្ថែមលើជំនាញភាសាជប៉ុនសម្រាប់សិស្ស-និស្សិត និងសាធារណជនប្រើប្រាស់ក្នុងវិស័យកិច្ចការអន្តរជាតិនានាផងដែរ។

វិទ្យាស្ថានភាសាបរទេសទទួលបានការឧបត្ថម្ភគាំទ្រលើផ្នែកសម្ភារសិក្សាបច្ចេកទេស និងធនធានគ្រូបង្រៀន ពីសំណាក់ដៃគូសហការជាតិនិងអន្តរជាតិ ដូចជាទីភ្នាក់ងារសហប្រតិបត្តិការថៃ (TICA) ស្ថានទូតព្រះរាជាណាចក្រថៃ ស្ថានទូតសាធារណរដ្ឋបារាំង ស្ថានទូតសាធារណរដ្ឋប្រជា     មានិតចិន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយការ) ព្រមទាំងសាកលវិទ្យាល័យអន្តរជាតិជាមិត្ត។ កត្តាទាំងនេះបានធ្វើឱ្យវិទ្យាស្ថានភាសាបរទេស អាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្ដល់នូវការបណ្ដុះបណ្ដាលភាសាបរទេសដល់និស្សិតប្រកបដោយគុណភាព សីលធម៌ និងគុណធម៌ ដើម្បីឱ្យពួកគាត់អាចសម្របខ្លួនបានគ្រប់មជ្ឈដ្ឋាននៃការរស់នៅព្រមទាំងអាចបំពេញការងារដោយប្រសិទ្ធភាពខ្ពស់ទៀតផង។ ជាការកត់សម្គាល់និងជាមោទនភាពរបស់វិទ្យាស្ថានភាសាបរទេស និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលកន្លងមកបានក្លាយជាគ្រូបង្រៀនភាសាប្រកបដោយវិជ្ជាជីវៈ អ្នកឯកទេសខាងបកប្រែភាសាបរទេស ជាបុគ្កលិកបម្រើការនៅតាមស្ថាប័នរដ្ឋនិងឯកជនព្រមទាំងអាចបន្តការសិក្សានៅបរទេសទៀតផង។

១.២ សាវតា

វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានចាប់ដំណើរការនៅឆ្នាំ២០០៨ ក្នុងគោលដៅធ្វើការបណ្តុះបណ្តាលជំនាញភាសាបរទេសដល់សិស្ស និស្សិតសម្រាប់ប្រើជាប្រយោជន៍ក្នុងការចូលរួមលើកកម្ពស់គុណភាពវិស័យអប់រំ ស្រាវជ្រាវ អាជីវកម្ម ទំនាក់ទំនង និងទេសចរណ៍នៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។ វិទ្យាស្ថានភាសាបរទេសមានដេប៉ាតឺម៉ង់ ចំនួន៥ គឺដេប៉ាតឺម៉ង់ភាសាអង់គ្លេស ភាសាកូរ៉េ ភាសាបារាំង ភាសាចិន និងភាសាថៃ។ ក្រៅពីនេះ វិទ្យាស្ថានក៏មានបើកវគ្គសិក្សាក្រៅម៉ោងផងដែរ ដូចជាភាសាអង់គ្លេស ភាសាកូរ៉េ ភាសាចិន ភាសាបារាំង ​និងភាសាថៃ។

ក្នុងរយៈពេលជាង១០ឆ្នាំ នៃការបណ្តុះបណ្តាលរបស់ខ្លួន វិទ្យាស្ថានភាសាបរទេសបានបណ្តុះបណ្តាលធនធាននិស្សិតលើជំនាញភាសាបរទេសជាច្រើននាក់ប្រកបដោយគុណភាព ឧត្តមភាព និងសីលធម៍សម្រាប់សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល។ ការសម្រេចបានជោគជ័យដ៏ធំធេងនេះគឺដោយ​សារវិទ្យាស្ថានភាសាបរទេសមានចំណុចសំខាន់ៗ៥គឺ ទី១ មានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ ហើយឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ទី២មានសាស្ត្រាចារ្យជនជាតិខ្មែរ និងបរទេស ប្រកបដោយសមត្ថភាព និងជំនាញច្បាស់លាស់ក្នុងវិស័យអប់រំ ទី៣មានបន្ទប់សិក្សាបំពាក់ទៅដោយឧបករណ៍អេឡិចត្រូនិច និងជាពិសេសមានសាលភាសាទំនើបចំនួន២សម្រាប់សម្រួលដល់សកម្មភាពរៀន​​ និងបង្រៀន និងទី៤ មានកម្មវិធីអាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរនិស្សិតទៅសិក្សានៅក្រៅប្រទេស និងទី៥មានទស្សនកិច្ចសិក្សាទាំងក្នុងនិងក្រៅប្រទេសផងដែរ។

១.៣ ទស្សនវិស្ស័យ

វិទ្យាស្ថានភាសាបរទេសគឺជាវិទ្យាស្ថានមួយដែលឈានមុខគេក្នុងការបណ្តុះបណ្តាលភាសាបរទេស និងការសិក្សាស្រាវជ្រាវស្របតាមស្តង់ដាជាតិនិងអន្តរជាតិ។

១.៤ បេសកកម្ម

១. អប់រំ និងបណ្តុះបណ្តាលនិស្សិតលើជំនាញភាសាបរទេសគ្រប់កម្រិត​ និងការស្រាវជ្រាវប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។

២. សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យស្របតាមស្តង់ដាជាតិ និងអន្តរជាតិឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីលើកស្ទួយកម្រិតជីវភាពនិស្សិតក្រោយបញ្ចប់ការសិក្សា។

៣​. ចូលរួមចំណែកអភិវឌ្ឍន៍សង្គមតាមរយៈកិច្ចសហប្រតិ្តបត្តិការជាមួយរដ្ឋអំណាចមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធនានា អង្គការក្រៅរដ្ឋាភិបាល និងសាកលវិទ្យាល័យជាតិ និងអន្តរជាតិជាដៃគូនានា។​

១.៥ គោលដៅយុទ្ធសាស្រ្ត

យុទ្ធសាស្រ្តទី១     ការកែលម្អនិងអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យមានស្តង់ដាខ្ពស់ដោយមានការទទួលស្គាល់គុណភាពអប់រំកម្រិតជាតិ និងអន្តរជាតិ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការ ស្ថាប័នរដ្ឋនិងឯកជន ព្រមទាំងសាកលវិទ្យាល័យដៃគូទាំងជាតិ និងអន្តរជាតិ។

យុទ្ធសាស្រ្តទី២​ ការសិក្សាស្រាវជ្រាវរបស់គ្រូនិងនិស្សិតតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយអង្គការ ស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងសាកលវិទ្យាល័យដៃគូដើម្បីធ្វើការបោះពុម្ភផ្សាយលទ្ធផលស្រាវជ្រាវរបស់គ្រូនិងនិស្សិត។

យុទ្ធសាស្រ្តទី៣  ការរៀបចំកម្មវិធីបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន មន្រ្តី និងបុគ្គលិកដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងារតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់វិទ្យាស្ថានភាសាបរទេស។​

យុទ្ធសាស្រ្តទី៤ ការត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការបង្រៀននិងរៀន របស់គ្រូបង្រៀន មន្រ្តី និងបុគ្គលិកជាប្រចាំប្រកបដោយប្រសិទ្ធភាព និងមានទំនួលខុសត្រូវខ្ពស់។

១.៦ រចនាសម្ព័ន្ធគ្រប់គ្រង

២.កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ

២.១ ថ្នាក់បរិញ្ញាបត្រសិល្បៈ ជំនាញអក្សរសាស្រ្តអង់គ្លេស

២.២ ថ្នាក់បរិញ្ញាបត្រសិល្បៈ ជំនាញអក្សរសាស្រ្តកូរ៉េ

២.៣ ថ្នាក់បរិញ្ញាបត្រសិល្បៈ ជំនាញអក្សរសាស្រ្តបារាំង

៣.វគ្គសិក្សាភាសាក្រៅម៉ោង

៣.១ ភាសាអង់គ្លេស

៣.២ ភាសាចិន

៤. អាហារូបករណ៍និងទស្សនកិច្ចសិក្សា

         ដោយសារតែវិទ្យាស្ថានភាសាបរទេសតែងតែផ្តោតលើគុណភាពនៃការបណ្តុះបណ្តាល និងការក៏សាងទំនាក់ទំនងជាមួយស្ថាប័នជាតិ-អន្តរជាតិ និស្សិតរបស់យើងតែងតែទទួលបាននូវ៊ឱកាសអាហា          រូបករណ៍និងទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យល្បីៗនៅបរទេសដូចជានៅព្រះរាជាណាចក្រថៃ ប្រទេស​ឥណ្ឌូនេស៊ី សាធារណៈរដ្ឋកូរ៉េ និងប្រទេសនៅអ៊ឺរ៉ុបជាដើម។

Facebook