១.១- មតិស្វាគមន៍របស់ព្រឹទ្ធបុរស
សូមគោរពសម្តេចទ្រង់ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្អូនៗនិស្សិត។

ខ្ញុំបាទតាងនាមឱ្យថ្នាក់ដឹកនាំមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានកិត្តិយស សូមគោរពជម្រាបជូនអំពីវឌ្ឍនភាព របស់មហាវិទ្យាល័យយើងខ្ញុំ ស្របពេលដែលសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើការកំណែទម្រង់ដោយទទួលបាននូវឧត្តមភាព និងជំនឿទុកចិត្តពីសំណាក់សាធារណជន អាណាព្យាបាល សិស្ស និងនិស្សិតពីគ្រប់មជ្ឈដ្ឋាន។ ក្នុងនោះដែរមហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ ក៏ទទួលបាននូវកំណើននិស្សិតគួរឱ្យកត់សម្គាល់ផងដែរ។ ដើម្បីបំពេញបេសកកម្មតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួន និងផែនការយុទ្ធសាស្រ្តរយៈពេល ១០ឆ្នាំ(២០២១-២០៣០) របស់សាកលវិទ្យាល័យជាតិបាត់ដំបង មហាវិទ្យាល័យ​បានបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងមានសីលធម៌វិជ្ជាជីវៈខ្ពស់ ក្រោយពេលនិស្សិតទាំងអស់បានបញ្ចប់ការសិក្សា ពួកគេបានក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិក្នុងការបម្រើការងារជាមន្ត្រីរាជការ ក្រុមហ៊ុន អង្គការនានា។

១.២- សាវតា
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង គឺជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យចំនួនប្រាំ និងវិទ្យាស្ថានមួយ ដែលបានបង្កើតឡើងតាមអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៧ ស្តីពីការបង្កើតសាកលវិទ្យាល័យបាត់ដំបង។ ​ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ មានដេប៉ាតឺម៉ង់ចំនួនបីគឺ៖ ដេប៉ាតឺម៉ង់មនុស្សសាស្រ្ត  ដេប៉ាតឺម៉ង់សិល្បៈនិងវប្បធម៌ និងដេប៉ាតឺម៉ង់អប់រំ មហាវិទ្យាល័យមានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះធនធានមនុស្សប្រកបដោយសមត្ថភាពឆ្លើយតបទៅនឹងការវិវត្តវិស័យឧស្សាហកម្ម  និងនិន្ននាការភាវូនីយកម្មទាំងសេដ្ឋកិច្ច សង្គម ភាសា វប្បធម៌ក្នុងតំបន់ និងសកលលោក។

១.៣- ចក្ខុវិស័យ
មហាវិទ្យាល័យសិល្បៈ  មនុស្សសាស្រ្ត  និងអប់រំ       នឹងក្លាយជាអង្គភាពបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំ វប្បធម៌ និងសិល្បៈ ប្រកបដោយឧត្តមភាព កិត្យានុភាព និងការជឿទុកចិត្តនៅភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។​

១.៤- បេសកកម្ម
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំមានបេសកកម្មដូចខាងក្រោម៖
-អប់រំ និងបណ្តុះបណ្តាលនិស្សិតគ្រប់កម្រិតប្រកបដោយសមត្ថភាពខ្ពស់។
-ធ្វើការស្រាវជ្រាវអត្ថបទវិទ្យាសាស្រ្ត សិល្បៈ វប្បធម៌  អត្តសញ្ញាណជាតិ។

១.៥-គោលដៅយុទ្ធសាស្រ្ត
យុទ្ធសាស្រ្តទី១៖ កែលម្អនិងអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យមានស្តង់ដាជាតិ និងមានការទទួលស្គាល់គុណភាពអប់រំ កម្រិតជាតិតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យជាដៃគូ។
យុទ្ធសាស្រ្តទី២៖​ រៀបចំកម្មវិធីបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាពគ្រូបង្រៀននិងមន្រ្តីអប់រំជាប្រចាំ តាមផែនការប្រចាំឆ្នាំរបស់មហាវិទ្យាល័យ និងលើកទឹកចិត្តគ្រូបង្រៀនដែលមានសមត្ថភាព​ សកម្មការងារ និងមានស្នាដៃ។
យុទ្ធសាស្រ្តទី៣៖  សិក្សាស្រាវជ្រាវរបស់គ្រូនិងនិស្សិត ស្របតាមជំនាញសិក្សា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូ ដើម្បីបោះពុម្ភផ្សាយនូវលទ្ធផលស្នាដៃ។
យុទ្ធសាស្រ្តទី៤៖ តាមដានត្រួតពិនិត្យ និងវាយតម្លៃលើការងារគ្រប់គ្រង បង្រៀននិងរៀនជាប្រចាំ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

១.៦- រចនាសម្ព័ន្ធគ្រប់គ្រង

២- កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ
មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងអប់រំ មាន៣ដេប៉ាតឺម៉ង់គឺ៖
-ដេប៉ាតឺម៉ង់មនុស្សសាស្ត្រ
-ដេប៉ាតឺម៉ង់អប់រំ
-និងដេប៉ាតឺម៉ង់សិល្បៈ និងវប្បធម៌

ដេប៉ាតឺម៉ង់ទាំង៣ នៃមហាវិទ្យាល័យ​ បានបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងមានសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីក្លាយជាមូលធនបញ្ញាប្រកបដោយសក្តានុពលស្របតាមទីផ្សារការងារសង្គមជាតិ។
ក្នុងបវេសនកាលនៃឆ្នាំសិក្សាថ្មី២០២០-២០២១នេះ មហាវិទ្យាល័យនឹងធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ លើមុខជំនាញសំខាន់ៗ៣ដូចខាងក្រោម៖

      ២.១– ថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ៖ សិក្សាមុខជំនាញនេះនិស្សិតនឹងទទួលបានចំណេះដឹង ជំនាញ សមត្ថភាព ក្រមសីលធម៌ គរុកោសល្យបង្រៀន និងទទួលបានការបណ្តុះបណ្តាលមុខវិជ្ជា មួយចំនួនដូចជា ភាសាវិទ្យា អក្សរសិល្ប៍ និងវប្បធម៌ អរិយធម៌ ដែលមានទាំងទ្រឹស្តីនិងការអនុវត្ត។ ដើម្បីឆ្លើយតបទៅនឹងការវិវត្តវិស័យឧស្សាហកម្ម និងនិន្នាការសកលភាវូបនីយកម្មទាំងសេដ្ឋកិច្ច សង្គម  ភាសា វប្បធម៌ក្នុងតំបន់ និងសកលលោក។

      ២.២– ថ្នាក់បរិញ្ញាបត្រអប់រំ៖ និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអប់រំ នឹងទទួលបាននូវ​ចំណេះដឹង ជំនាញ និងបំណិនក្នុងគ្រប់គ្រងវិស័យអប់រំ។ និស្សិតមានសមត្ថភាពលើការងារអប់រំ ការគ្រប់គ្រងអប់រំ និងមានសីលធម៌វិជ្ជាជីវៈឆ្លើយតបនឹងតម្រូវការទីផ្សារការងារ។ ក្នុងនោះនិស្សិតអាចបង្កើននូវសមត្ថភាពតាមរយៈការស្រាវជ្រាវទាក់ទងនឹងការអប់រំ ដើម្បីធានាប្រសិទ្ធភាពក្នុងការងារអប់រំ និងបម្រែបម្រួលការអប់រំទាំងក្នុងបរិបទជាតិ និងអន្តរជាតិ។

      ២.៣– ថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម៖ និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម នឹងទទួលនូវ​ចំណេះដឹង ជំនាញ និងបំណិនសិល្បៈច្នៃប្រឌិតទាំងផ្នែកទ្រឹស្តី និងការអនុវត្ត។ ការសិក្សាផ្តោតលើការកសាងសមត្ថភាពច្នៃប្រឌិតថ្មីក្នុងការរចនាម៉ូតអគារ គូរប្លង់សាងសង់ ដេគ័រផ្នែកខាងក្នុងនិងខាងក្រៅ តាមស្តង់ដាបច្ចេកទេសត្រឹមត្រូវនិងប្រកបដោយសោភ័ណភាព ជាលក្ខណៈជាតិ និងទំនើបភាវូបនីយកម្ម។ និស្សិតនឹងក្លាយទៅជាអ្នករចនាប្លង់សាងសង់ និងប្រឹក្សាលើគម្រោងគ្រប់ប្រភេទដូចជា​ ផ្ទះ វីឡា បុរី សណ្ឋាគារ ភោជនីយដ្ឋាន ខុនដូរ អគារការិយាល័យ រីហ្សត ផ្សារទំនើប។ ម្យ៉ាងទៀតមុខជំនាញនេះបានរួមចំណែកអភិរក្សវប្បធម៌ អរិយធម៌ជាតិឱ្យខ្ពស់ខ្ពស់ និងមាននិរន្តរភាពយូរអង្វែង។

      មុខជំនាញសំខាន់ៗទាំងនេះនឹងធ្វើការបណ្តុះបណ្តាលក្នុងកម្រិតបរិញ្ញាបត្រ ជំនាញអក្សរសាស្ត្រខ្មែរ និងជំនាញគ្រប់គ្រងអប់រំ ត្រូវសិក្សារយៈពេល៤ឆ្នាំ ដោយឡែកជំនាញស្ថាបត្យកម្ម សិក្សា   រយៈពេល៥ឆ្នាំ ដោយមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមគុណវុឌ្ឍិជាតិនៃជំនាញនីមួយៗ ព្រមទាំងមានធនធានសាស្ត្រាចារ្យបង្រៀនចាប់ពីកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ។ ការសិក្សារបស់និស្សិតចែកជាផ្នែកទ្រឹស្តី​ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង គឺការចុះកម្មសិក្សាក្នុង១ឆមាសម្តង។ លើសពីនេះមហាវិទ្យាល័យក៏មានដៃគូសហប្រតិបត្តិការជាតិមានដូចជាមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង និងដៃគូសហប្រត្តិការអន្តរជាតិមានដូចជាសាកលវិទ្យាល័យ Aberdeen នៃចក្រភពអង់គ្លេស និងកំពុងអនុវត្តគម្រោងការបង្រៀននៅសតវត្យទី២១ របស់សហគមន៍អឺរ៉ុប ដើម្បីពង្រីកសក្តានុពលរបស់ខ្លួន។ អាស្រ័យហេតុនេះសូមអញ្ជើញមកទំនាក់ទំនងចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះតទៅ!

៣. កម្មវិធីផ្លាស់ប្តូរការសិក្សា និងទស្សនកិច្ចសិក្សា

  • ផ្លាស់ប្តូរការសិក្សារបស់និស្សិតជាមួយសាកលវិទ្យាល័យដៃគូ
  • ចុះកម្មសិក្សាស្រាវជ្រាវ ដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្តជាក់ស្តែង

៤. វគ្គសិក្សាខ្លី

  • -សិល្បៈគំនូរ របាំ តន្រ្តីសម័យ តន្រ្តីបុរាណ និងបំណិន
  • -កម្មវិធីសិក្សាសិល្បៈវគ្គខ្លី រៀបចំបង្កើតឡើងក្នុងគោលបំណង ដូចខាងក្រោម៖
  • -បំផុសស្មារតីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ឱ្យតម្លៃ ងាកមកចាប់អារម្មណ៍ និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
  • -ផ្ដល់ចំណេះដឹងផ្នែកសិល្បៈដល់យុវជន និងនិស្សិតជំនាន់ក្រោយ
  • -ចូលរួមលើកស្ទួយ អភិរក្ស បន្តវេន និងផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ
  • -ធ្វើឱ្យសកម្មភាពសិល្បៈគំនូរ របាំ តន្រ្តីសម័យ តន្រ្តីបុរាណ និងបំណិននៅក្នុងសាកលវិទ្យាជាតិល័យបាត់ដំបង នៅតែបន្តទៅមុខ
  • -ផ្ដល់ឱកាសឱ្យនិស្សិតបានចេញទៅសម្ដែងផ្លាស់ប្ដូរវប្បធម៌ទាំងក្នុង និងក្រៅប្រទេស
  • -ជួយឱ្យនិស្សិតអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការចេញទៅសម្ដែង ការគូរគំនូរលក់ការធ្វើសម្ភារៈបំណិន ជាដើម។
  • -រចនាម៉ូតខាងក្នុង
  •  -វិជ្ជាតែងនិពន្ធ
Facebook