សារស្វាគមន៍របស់ព្រឹទ្ធបុរស

ស្វាគមន៍មកកាន់មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍
តាំងនាមឲ្យសហការីទាំងអស់នៅក្នុងមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ខ្ញុំបាទសូមគោរពអញ្ជើញ និងអញ្ជើញ អាណាព្យាបាល ប្អូនៗ និស្សិត សិស្សានុសិស្ស ដើម្បីស្វែងយល់ពីលទ្ធភាពក្នុងការបណ្តុះបណ្តាល នៅក្នុងមហាវិទ្យាល័យ។ បច្ចុប្បន្ននេះមហាវិទ្យាល័យ មានការបណ្តុះបណ្តាលលើជំនាញចំនួន៧ គឺ និតិសាស្ត្រ រដ្ឋបាលសាធារណ: វិទ្យាសាស្ត្រសេដ្ឋកិច្ច សេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រទិន្នន័យ អភិវឌ្ឍន៍សហគមន៍ និងចិត្តវិទ្យា។

មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍តំណាងឱ្យសហគមន៍មួយ ដែលមានមោទនភាពចំពោះប្រវត្តិសាស្រ្តរបស់ខ្លួន ហើយនឹងនៅតែបន្តចូលរួមជាបន្តបន្ទាប់ក្នុងការព្យាយាមក្លាយជាមជ្ឈមណ្ឌលដែលមានឧត្តមភាពក្នុងការអប់រំ និងស្រាវជ្រាវ។ យើងប្តេជ្ញាក្នុងការអភិឌ្ឍមហាវិទ្យាល័យឲ្យក្លាយជាគ្រឺះស្ថានឧត្តមសិក្សាមួយ ដែលឈានមុខគេ នៅតំបន់ពាយព្យដែលនឹងបណ្តុះបណ្តាលថ្នាក់ដឹកនាំអនាគតប្រកបដោយការទទួលខុសត្រូវ ហើយជឿជាក់ថា និស្សិតដែលបានបញ្ចប់ការសិក្សា មិនត្រឹមតែអាចធ្វើឲ្យមានភាពប្រែប្រួលនៅក្នុងសហគមន៍រៀងៗខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងបរិបទសង្គមដ៏ទូលំទូលាយ ជាមួយនឹងមូលដ្ឋានគ្រឹះនៃការអប់រំល្អ រួមជាមួយនឹង គុណតម្លៃ និងក្រមសីលធម៌។

នៅមហាវិទ្យាល័យ យើងជឿថាធនធានសំខាន់បំផុតគឺ បុគ្គលិក និងនិស្សិត។ យើងជឿជាក់លើភាពចំរុះនៃសាវតា ចំណេះដឹង ជំនាញ បទពិសោធន៍ និងបុគ្គលិកលក្ខណៈ នាំអោយយើងទទួលបានជោគជ័យនាពេលអនាគត ហើយកត្តាជំរុញ និងលើកទឹកចិត្តមហាវិទ្យាល័យ គឺការបណ្តុះបណ្តាលនិស្សិតដែលប្រកបដោយទេពកោសល្យ។ ដូច្នេះសាស្រ្តាចារ្យប្រកបដោយគុណវុឌ្ឍខ្ពស់នៅក្នុងមហាវិទ្យាល័យ គឺការតំណាងឱ្យការយកចិត្តទុកដាក់របស់មហាវិទ្យាល័យក្នុងការពាំនាំមកនូវចំណេះដឹង និងការសិក្សាដែលឈានមុខគេ និងបុគ្គលិកគាំទ្រខិតខំប្រឹងប្រែង ដើម្បីផ្តល់សម្ភារៈបរិក្ខារទំនើបៗ ដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតទាំងអស់។

ដោយសារភាពជោគជ័យរបស់និស្សិត គឺជាមោទនភាពរបស់យើង បច្ចុប្បន្ននេះយើងកំពុងអនុវត្តគម្រោងកែលម្អការអប់រំរយៈពេល ៦ឆ្នាំ ដែលបានផ្តល់ហិរញ្ញាប្បទានដោយធនាគារពិភពលោកដើម្បីវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ដូចជាបន្ទប់សិក្សា និងបរិស្ថានអគារថ្មី កន្លែងស្រាវជ្រាវ បណ្ណាល័យ តំបន់សិក្សាផ្ទាល់។ ល។ ) កំណែទម្រង់កម្មវិធីសិក្សា ប្រព័ន្ធអប់រំ និងអភិបាលកិច្ច ដើម្បីអោយយើងនៅតែបន្តឆ្លើយតបតាមការសន្យា ដល់និស្សិត សហគមន៍ និងសង្គមរបស់យើង។

យើងមានមោទនភាពចំពោះជោគជ័យ និងសមិទ្ធិផលរបស់បុគ្គលម្នាក់ៗ។ មិនមានពេលវេលាណាល្អប្រសើរជាងការចូលរួមជាមួយមហាវិទ្យាល័យ ក្នុងខណៈពេលដែលយើងខិតខំដើម្បីសម្រេចអោយបានសមិទ្ធិផលកាន់តែច្រើនជាមួយនឹងកម្មវិធីសិក្សាដែលកំពុងវិវឌ្ឍន៍ជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលនិស្សិតអោយឆ្លើយតបទៅនឹងតម្រូវការកម្លាំងពលកម្មនៅពេលអនាគត និងមហាវិទ្យាល័យលើកទឹកចិត្តដល់សាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវក្នុងលើកស្ទួយការស្រាវជ្រាវ ដែលគាំទ្រការអភិវឌ្ឍតំបន់ពាយ័ព្យ។

ដូច្នេះខ្ញុំបាទសូមគោរពអញ្ជើញ និងអញ្ជើញ អាណាព្យាបាល និងនិស្សិត សិស្សានុសិស្ស ឱ្យចូលរួមជាមួយយើងក្នុងដំណើរឆ្ពោះទៅរកឧត្តមភាព និងបំណងប្រាថ្នាទទូលបានការសិក្សាដែលមានភាពខុសប្លែក។

២. សាវតា

មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ គឺជាមហាវិទ្យាល័យដែលបណ្តុះបណ្តាលជំនាញ៧ គឺ និតិសាស្ត្រ រដ្ឋបាលសាធារណ: សេដ្ឋកិច្ចនិងពន្ធដា សេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ច និងវិទ្យាសាស្ត្រទិន្នន័យ អភិវឌ្ឍន៍សហគមន៍ និងចិត្តវិទ្យា ។ មហាវិទ្យាល័យមានទស្សនៈវិស័យ ក្នុងការខិតខំរួមចំណែកក្នុងសង្គម ដើម្បីជួយជំរុញឲ្យនិស្សិត បុគ្គលិក និងសហគមន៍របស់យើង រីកចំរើនតាមរយៈការបង្រៀន ការរៀន និង ការស្រាវជ្រាវដែលមានគុណភាព និងសង្គមមួយដែលមានចំណេះដឹង និង សមធម៌ ដែលធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពសង្គម។ លើសពីនេះទៅទៀតមហាវិទ្យាល័យគឺផ្តោតលើម៉ូដែល PEG (PEG Model of Development) ដើម្បីតម្រង់ទិសនិស្សិតក្នុងការអភិវឌ្ឍន៍ ការបង្រៀន និងការរៀន ការស្រាវជ្រាវ ការផ្សាភ្ជាប់សហគមន៍ និងការកសាងភាពជាដៃគូ។ PEG ម៉ូឌែល គឺបានផ្សាភ្ជាប់ទាំងផ្ទាល់ និងប្រយោលទៅកាន់គោលដៅទាំង ១៧ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់សាកលលោក និងគោលដៅទី ១៨ របស់ប្រទេសកម្ពុជា ដែលផ្តោតលើសកម្មភាពមីន។

៣. ចក្ខុវិស័យ

មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ខិតខំចូលរួមចំណែកក្នុងសង្គម ដើម្បីជួយជំរុញឲ្យនិស្សិត បុគ្គលិក និងសហគមន៍របស់យើង រីកចំរើនតាមរយៈការបង្រៀន ការរៀន និង ការស្រាវជ្រាវដែលមានគុណភាព និងសង្គមមួយដែលមានចំណេះដឹង និង សមធម៌ ដែលធ្វើអោយប្រសើរឡើងនូវសុខុមាលភាពសង្គម។

៤. បេសកកម្ម

មហាវិទ្យាល័យសង្គមសាស្រ្ត និង អភិវឌ្ឍន៍សហគមន៍ មានគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍថ្នាក់តំបន់ និង ថ្នាក់ជាតិ និងវិបុលភាពរបស់សហគមន៍យើង ដោយធានាបាននូវការបង្រៀន ដែលផ្តោតលើការអនុវត្ត ការសិក្សានិងស្រាវជ្រាវដែលនាំបុគ្គល និងអង្គភាពរបស់ខ្លួនឈានឆ្ពោះទៅរកភាពជោគជ័យ ។

៥. ទិសដៅជាយុទ្ធសាស្រ្ត

មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ ផ្តោតលើម៉ូដែល PEG (PEG Model of Development) ដើម្បីតម្រង់ទិស ការអភិវឌ្ឍរបស់មហាវិទ្យាល័យ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍតំបន់ភាគពាយ័ព្យ ។ PEG ម៉ូឌែល គឺបានផ្សាភ្ជាប់ទាំងផ្ទាល់ និងប្រយោលទៅកាន់គោលដៅទាំង ១៧ អភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់សាកលលោក និងគោលដៅទី ១៨ របស់ប្រទេសកម្ពុជា ដែលផ្តោតលើសកម្មភាពមីន។

១. ការកសាងសន្តិភាព (Peacebuilding)៖ កសាងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សកម្មភាពមីន ចិត្តវិទ្យា ពិការភាព ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន សេដ្ឋកិច្ច-សង្គម និងច្បាប់។
២. និរន្តរភាពបរិស្ថាន (Environmental Sustainability)៖ បរិស្ថាន ជលផល ការអភិវឌ្ឍធនធានទីក្រុង សេដ្ឋកិច្ចបៃតង ។
៣. យេនឌ័រ (Gender)៖ យេនឌ័រ អំពើហិង្សាក្នុងគ្រួសារ ចំណាកស្រុក កុមារ។

៦. រចនាសម្ព័ន្ធ

៧. កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ

    • បរិញ្ញាបត្រ សេដ្ឋកិច្ច និងពន្ធដារ

    • បរិញ្ញាបត្រ សេដ្ឋកិច្ច និងវិទ្យាសាស្រ្តទិន្នន័យ

    • បរិញ្ញាបត្រ នីតិសាស្រ្ត

    • បរិញ្ញាបត្រ សេដ្ឋកិច្ចកសិកម្ម

    • បរិញ្ញាបត្រ រដ្ឋបាលសាធារណៈ និងអភិបាលកិច្ច

    • បរិញ្ញាបត្រ អភិវឌ្ឍន៍សហគមន៍ និងតំបន់

    • បរិញ្ញាបត្រ ចិត្តវិទ្យា
 ទំនាក់ទំនង៖
បណ្ឌិត ងួន ធូ 
ព្រឹទ្ធបុរសមហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍
អ៊ីម៉ែល៖ [email protected]
ទូរស័ព្ទ៖ 
+855 12 886 469

Facebook