សារស្វាគមន៍របស់ព្រឹទ្ធបុរស

សូមគោរព សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្អូនៗនិស្សិត។

ខ្ញុំបាទ តាំងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ខ្ញុំបាទមានកិត្តិយស គោរពជម្រាបជូនអំពីវឌ្ឍនភាព របស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ក្នុងការធ្វើបច្ចុប្បន្នភាព ដែលស្របតាមកំណែទម្រង់របស់សាកលវិទ្យាល័យជាតិបាត់ដំបង ឱ្យក្លាយទៅជាគ្រឹះស្ថានអប់រំឧត្តមសិក្សា ពហុជំនាញ និងស្រាវជ្រាវដែលមានកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ នាពេលអនាគត។ ទន្ទឹមនឹងនេះផងដែល មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ដែលបានដំណើរការតាំងពី ការកកើតនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យមានជំនាញស្របតាមទីផ្សារការងារបច្ចុប្បន្ន ប្រកបដោយសមត្ថភាពខ្ពស់ ជាច្រើននាពេលកន្លងមក។ យើងសង្កេតឃើញថា មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍មានកំណើន និស្សិត ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ជាច្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ។ សម្រាប់ការសិក្សានៅមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និស្សិតនឹងទទួលបានចំណេះដឹងយ៉ាងពិតប្រាកដ ពីសាស្ត្រាចារ្យ ដែលបញ្ចប់ការសិក្សាពីក្នុង និងក្រៅប្រទេស ដែលបានមានបទពិសោធន៍ក្នុងការបង្រៀនជាច្រើនឆ្នាំ។ ក្នុងនោះផងដែល មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មានជំនាញប្រាំ សម្រាប់ថ្នាក់បរិញ្ញាបត្រនិងជំនាញឯកទេសមួយសម្រាប់ថ្នាក់បរិញ្ញាបត្ររង ដើម្បីឱ្យនិស្សិតធ្វើការជ្រើសរើស។ ជំនាញទាំងនោះរួមមាន៖

 -ថ្នាក់បរិញ្ញាបត្រ

១. ជំនាញ គ្រប់គ្រងអាជីវកម្ម
២. ជំនាញ គណនេយ្យ
៣. ជំនាញ ហិរញ្ញវត្ថុ និងធនាគារ       
៤. ជំនាញ ទីផ្សារ
៥. ជំនាញ ទេសចរណ៍

-ថ្នាក់បរិញ្ញាបត្ររង

១. ជំនាញគ្រប់គ្រង                         

ក្រោពីបញ្ចប់ការសិក្សា និស្សិត អាចមានបម្រើការងារ ក្នុងវិស័យរដ្ឋ និងវិស័យឯកជននានា ទៅតាមជំនាញដែលខ្លួនមាន។

ខ. សាវតារបស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍

        មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាមហាវិទ្យាល័យមួយ ក្នុងចំណោម មហាវិទ្យាល័យចំនួនប្រាំ និងវិទ្យាស្ថានមួយ ដែលបានបង្កើតឡើងតាមអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៧ ស្ដីពីការបង្កើតសាកលវិទ្យាល័យបាត់ដំបង។ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ ជាថ្នាលបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា កម្រិតបរិញ្ញាបត្ររង និងបរិញ្ញាត្រ ដែលមានដេប៉ាតឺម៉ង់ចំនួនបី គឺ

១. ដេប៉ាតឺម៉ង់ពាណិជ្ជកម្ម មានជំនាញ គណនេយ្យ និងជំនាញទីផ្សារ

២. ដេប៉ាតឺម៉ង់គ្រប់គ្រង    មានជំនាញ គ្រប់គ្រងអាជីវកម្ម និងជំនាញហិរញ្ញវត្ដុ និងធនាគារ

៣. ដេប៉ាតឺម៉ង់ទេសចរណ៍ មានជំនាញ ទេសចរណ៍។

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មានតួនាទីយ៉ាងសំខាន់ក្នុងការ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព និងឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន ពិសេសនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។

 គ ចក្ខុវិស័យ

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នឹងក្លាយជាមហាវិទ្យាល័យបណ្តុះបណ្តាលលើវិស័យធុរកិច្ច។

ឃ បេសកម្ម

មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ មានបេសកកម្មសំខាន់ចំនួន២ដូចជា៖

១. បណ្តុះបណ្តាលនិស្សិតប្រកបដោយសមត្ថភាពកម្រិតជាតិ ឆ្លើយតបនឹងទីផ្សារការងារ

២. ធ្វើការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្ត្រ ដើម្បីបម្រើផលិតភាព និងកំណើនសេដ្ឋកិច្ចជាតិ។

ង. គោលបំណង

          ដើម្បីសម្រេចបាននូវបេសកកម្មទាំងពីរនេះ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានកំណត់គោលបំណងចំនួនបី និងយុទ្ធសាស្ត្រចំនួនបួនដូចជា៖

គោលបំណងទី១៖ អភិវឌ្ឍប្រព័ន្ធអភិបាលកិច្ច និងពង្រីកសមត្ថភាពមហាវិទ្យាល័យ ដើម្បីលើកកម្ពស់  គុណភាពនៃការគ្រប់គ្រង និងសមិទ្ធកម្ម នៃមហាវិទ្យាល័យ

គោលបំណងទី២៖ ផលិតបាននិស្សិតចំនួន៤៥១នាក់ ដែលមានសមត្ថភាពថ្នាក់ជាតិ ឆ្លើយតបទីផ្សារការងារ

គោលបំណងទី៣៖ ផលិតបានលទ្ធផលស្រាវជ្រាវចំនួន ៦៤ សម្រាប់បម្រើផលិតភាព និងកំណើនសេដ្ឋកិច្ច។

ច. គោលដៅយុទ្ធសាស្ត្រ

យុទ្ធសាស្ត្រទី១៖ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយសាកលវិទ្យាល័យជាតិ ដែលមានកម្មវិធីសិក្សាមានស្ដង់ដា និងមានការទទួលស្គាល់គុណភាពអប់រំកម្រិតជាតិ។

យុទ្ធសាស្រ្តទី២៖ ការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរជាមួយសាកលវិទ្យាល័យលើគម្រោង      ស្រាវជ្រាវវិនិយោគ។

យុទ្ធសាស្រ្តទី៣៖ ការរៀបចំវេទិកាប្រចាំឆ្នាំផ្សព្វផ្សាយការសិក្សា និងការស្រាវជ្រាវ និងផែនការកម្មវិធីវិនិ  យោគជាមួយនិស្សិត មាតាបិតា វិស័យឯកជន និងដៃគូរអភិវឌ្ឍ។

យុទ្ធសាស្រ្តទី៤៖ ការធ្វើទំនើបកម្មស្ថាប័នក្នុងការផលិត ចងក្រង និងប្រើប្រាស់ទិន្នន័យពីលទ្ធផល និងផលសម្រេចដើម្បីស្វែងរកការគាំទ្រពីក្រសួងពាក់ព័ន្ធ និងដៃគូរពាក់ព័ន្ធ។

ឆ. រចនាសម្ព័ន្ធគ្រប់គ្រង

២ កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង

        ២.១ថ្នាក់បរិញ្ញាបត្រ

ជំនាញគ្រប់គ្រងអាជីវកម្ម៖ អភិវឌ្ឍនិសិ្សតឲ្យមានសមត្ថភាពដោះស្រាយបញ្ហារាល់ប្រតិបត្តិការសរុបរបស់ស្ថាប័ន។ ការសិក្សាផ្តោតលើលទ្ធផលសិក្សាចំណេះដឹង,ជំនាញក្នុងការគិត, ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ, ជំនាញលេខនព្វន្ត, ព័ត៌មានវិទ្យានិងទំនាក់ទំនង និង ជំនាញចិត្តចលនា។ និស្សិតបញ្ចប់ការសិក្សាលើមុខជំនាញនេះមានឱកាសការងារដូចជា អ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ឬអង្គភាពអាជីវកម្ម, ជាជំនួយការអ្នកគ្រប់គ្រងអាជីវកម្ម, ជាប្រតិបត្តិករអាជីវកម្ម, ជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន, ជាអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងការគ្រប់គ្រងអាជីវកម្ម និង ជាអ្នកប្រឹក្សាយោបល់អាជីព។

ជំនាញគណនេយ្យ៖ ជំនាញគណនេយ្យ អភិវឌ្ឍនិស្សិតឲ្យក្លាយជាគណនេយ្យករជំនាញ ជាអ្នកប្រឹក្សាយោបល់ក្នុងទីផ្សារ ហិរញ្ញវត្ថុ គម្រោងអភិវឌ្ឍអាជីវកម្មផ្សេងៗ និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់សហគ្រាស អាជីវកម្ម និង ស្ថាប័នសាធារណៈ។ និស្សិតបញ្ចប់ការសិក្សាលើមុខជំនាញនេះនឹងអាចស្វែងរកអាជីពការងារជាច្រើន ដូចជាគណនេយ្យករ, អ្នកពិគ្រោះយោបល់ផ្នែកពន្ធដារ, អ្នកគ្រប់គ្រងហិរញ្ញវត្ថុ, សវនករផ្ទៃក្នុង និង អាជីពផ្សេងទៀតដែលទាក់ទងនឹងគណនេយ្យ។

ជំនាញហរិញ្ញវត្ថុ និងធនាគារ៖ គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ក្លាយជាអ្នកជំនាញក្នុងទីផ្សារហិរញ្ញវត្ថុ ដូចជា ធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។ ការសិក្សាផ្តោតលើលទ្ធផលសិក្សា ចំណេះដឹង ការអភិវឌ្ឍសមត្ថភាពក្នុងការប្រើប្រាស់   បច្ចេកវិទ្យាក្នុងការវិភាគទិន្នន័យ ការស្រាវជ្រាវ, គំនិតបង្កើតថ្មី, ការសិក្សា ទ្រឹស្តីផ្សារភ្ជាប់នឹងការអនុវត្ត។ នៅពេល និស្សិតបញ្ចប់ការសិក្សាលើមុខជំនាញនេះមានឱកាសការងារដូចជា ជាអ្នកបច្ចេកទេសក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ, ជាជំនួយការអ្នកគ្រប់គ្រងធនាគារ ក្រុមហ៊ុនហិរញ្ញវត្ថុ ឬអង្គភាពផ្សេងៗ, ជាម្ចាស់អាជីវកម្ម, ជាអ្នកស្រាវជ្រាវពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ និង ជាអ្នកប្រឹក្សាយោបល់អាជីព។

ជំនាញទីផ្សារ៖ ជំនាញទីផ្សារ អភិវឌ្ឍនិស្សិតអំពីយុទ្ធសាស្ត្រទីផ្សារ, ការបង្កើតផែនការទីផ្សារ, ការគ្រប់គ្រងដំណើរការទីផ្សារ វិភាគនឹងវាយតំលៃទីផ្សារ សម្រាប់ឧស្សាហកម្មពាណិជ្ជកម្ម និង សេវាកម្មផ្សេងៗ។ នៅពេលបញ្ចប់ការសិក្សា និសិ្សតនឹងអាចទទួលបាននូវឱកាសការងារជាច្រើនដូចជា អ្នកអាចក្លាយជាអ្នកជំនាញផ្នែកទីផ្សារ, អ្នកជំនាញផ្នែកលក់, អ្នកជំនាញខាងផ្សព្វផ្សាយពាណិជ្ជកម្ម និងសេវាកម្ម, ជាពិសេសភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍, ប្រតិបត្តិករទេសចរណ៍ និង ជាសហគ្រិនក្នុងវិស័យអាជីវកម្ម ពាណិជ្ជកម្ម និង អចលនទ្រព្យ។

ជំនាញទេសចរណ៍៖ ផ្តល់ជូនដល់និស្សិតនូវទ្រឹស្តី និងការអនុវត្តជាក់ស្តែង សម្រាប់ការគ្រប់គ្រងអាជីវកម្មទេសចរណ៍និង បដិសណ្ឋារកិច្ច មគ្គុទេសទេសចរណ៍ រួមទាំងអាជីវកម្មធ្វើដំណើរ។ នៅពេលបញ្ចប់ការសិក្សា និស្សិតបញ្ចប់ការសិក្សាទទួលបានឱកាសការងារជាច្រើនដូចជា ភ្នាក់ងារទេសចរណ៍និងសេវាកម្មនានាក្នុងវិស័យឯកជន និងរដ្ឋាភិបាលជាប្រតិបតិ្តករក្នុងវិស័យសណ្ឋាគារ ឧស្សាហកម្ម សេវាកម្ម និង អ្នកផ្សព្វផ្សាយការលក់។

២.២ ថ្នាក់បរិញ្ញាបត្ររង

ជំនាញគ្រប់គ្រង (បរិញ្ញាបត្ររងឯកទេសគ្រប់គ្រង) ៖ អភិវឌ្ឍឲ្យនិសិ្សតមានសមត្ថភាពដោះស្រាយបញ្ហារាល់ប្រតិបត្តិការសរុបរបស់ស្ថាប័ន។ ការសិក្សាផ្តោតលើលទ្ធផលសិក្សាចំណេះដឹងមូលដ្ឋានចាំបាច់ក្នុងការរៀបចំគម្រោងផែនការអាជីវកម្ម មានសមត្ថភាពធ្វើការងារក្រុម ប្រើប្រាស់ប្រព័ន្ធកម្មវិធីកុំព្យូទ័រ និងចំណេះដឹងការគ្រប់គ្រងធនធានមនុស្ស។ នៅពេលបញ្ចប់ការសិក្សា និសិ្សតនឹងអាចទទួលបាននូវឱកាសការងារជាច្រើនដូចជា ក្លាយជាម្ចាស់អាជីវកម្មខ្នាតតូច ប្រតិបត្តិករក្នុងសហគ្រាស អាជីវកម្ម អ្នកស្រាវជ្រាវ ខាងអាជីវកម្ម ទីផ្សារ និងអ្នកជំនួយការក្នុងការងារធុរកិច្ច។

អ៊ីម៉ែល និងលេខទូរស័ព្ទទំនាក់ទំនង
លោក ហ៊ួ រី 
ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រង ពាណិជ្ជកម្ម និងទេសចរណ៍
អ៊ីម៉ែល៖ [email protected]
ទូរស័ព្ទ៖ +855 95 936 333

https://youtu.be/7tV_RqeGtSQ

Facebook