សារស្វាគមន៍របស់ព្រឹទ្ធបុរស
នាងខ្ញុំ ចាន់ សុខា ព្រឹទ្ធបុរសស្តីទីនៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សូមគោរព និងស្វាគមន៍ទ្រង់ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និង ប្អូនៗ សិស្សានុសិស្ស និស្សិតជាទីគោរព និងជាទីរាប់អាន ។ ខ្ញុំបាទ មានកិត្តយស សូមគោរពជម្រាបជូនថា មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាផ្ដល់នូវជំនាញសិក្សាចំនួន២ គឺជំនាញបច្ចេកវិទ្យាព័ត៌មាន និងជំនាញវិស្វកម្មសំណង់ស៊ីវិល ។ មហាវិទ្យាល័យផ្ដល់នូវចំណេះដឹង ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តផ្ទាល់ ដោយមហាវិទ្យាល័យមាននូវសាលពិសោធន៍ដែលមានឧបករណ៍បរិក្ខាទំនើបៗ បន្ទប់ជួសជុលកុំព្យូទ័រ សាលកុំព្យូទ័រគ្រប់គ្រាន់សម្រាប់ឲ្យនិស្សិតអនុវត្តទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ ។ ជំនាញទាំងពីរគឺសុទ្ធតែជាជំនាញដែលកំពុងមានតម្រូវការខ្លាំងទាំងស្ថាប័នរដ្ឋ និងឯកជន ។ និស្សិតដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ពួកគាត់បានក្លាយជាធនធានដ៏សំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសជាតិ លើកស្ទួយផ្នែកសំណង់ និងបច្ចេកវិទ្យាឲ្យរីកចំរើន និងទំនើបស្របតាមការវិវត្តនៃសម័យកាលឌីជីថលនេះ ។ នាពេលអនាគត មហាវិទ្យាល័យនឹងអភិវឌ្ឍខ្លួនអោយក្លាយទៅជាទីកន្លែងបណ្ដុះបណ្ដាលឯកទេសផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ។
សាវតា
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង ជាមហាវិទ្យាល័យមួយក្នុងចំណោម
មហាវិទ្យាល័យចំនួនប្រាំ និងវិទ្យាស្ថានចំនួនមួយ ដែលបានបង្កើតឡើងដោយអនុក្រឹត្យលេខ ២៦អនក្រ ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០០៧ ស្តីពីការបង្កើតសាកលវិទ្យាល័យបាត់ដំបង។ មហាវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានដេប៉ាតឺម៉ង់ចំនួន ២ គឺដេប៉ាតឺម៉ង់ វិទ្យាសាស្ត្រ និងដេប៉ាតឺម៉ង់បច្ចេកវិទ្យា ដែលមានការបណ្តុះបណ្តាលលើកំរិតថ្នាក់បរិញ្ញាបត្រលើពីរជំនាញ គឺជំនាញ បច្ចេកវិទ្យាព័ត៌មាន និងជំនាញវិស្វកម្មសំណងស៊ីវិល។ មហាវិទ្យាល័យបានធ្វើការបណ្តុះបណ្តាលនិស្សិតដែលមានសមត្ថភាពពេលលេញក្នុងការឆ្លើយតបទៅនិងទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងថ្ងៃអនាគត ពិសេសនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា។
ចក្ខុវិស័យ
ចក្ខុវិស័យមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺ ខិតខំចូលរួមចំណែកក្នុង ការអភិវឌ្ឍសង្គមក្នុងផែ្នក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទាំងផ្នែកបច្ចេកវិទ្យានិងផ្នែកសំណង់ ដោយជម្រុញអោយមានកំណើនអ្នកស្រាវជ្រាវផ្នែកបច្ចេកទេស នៅក្នុងអង្គភាព និងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ការផ្ដល់នូវកម្មវិធីស្របតាមស្តង់ដាគុណវុឌ្ឍជាតិ និងអន្តរជាតិ ផ្ដល់នូវសម្ភារៈបរិក្ខាគ្រប់គ្រាន់ដល់និស្សិត ដើម្បីទទួលបាននូវចំណេះដឹង ស្របជាមួយការអនុវត្តជាក់ស្ដែង ។
បេសកកម្ម
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានបេសកកម្មដូចខាងក្រោម៖
- បណ្ដុះបណ្ដាលនិស្សិតនូវជំនាញ និងសមត្ថភាពពិតប្រាកដដោយឆ្លើយតបទៅនឹងតម្រូវការការងារក្នុងពេលបច្ចុប្បន្ន
- ផ្ដល់នូវកម្មវិធីសិក្សាដែលមានស្តង់ដាគុណវុឌ្ឍជាតិ ការអនុវត្តជាក់ស្ដែង ធានាយ៉ាងណាឲ្យនិស្សិតទទួលបាននូវចំណេះដឹង និងជំនាញពិតប្រាកដ ។
- បង្កើនការស្រាវជ្រាវ បង្កើតថ្មី និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាជំនួយក្នុងការងារប្រចាំថ្ងៃឲ្យបានទូលំទូលាយ ។
ទិសដៅយុទ្ធសាស្រ្ត
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានយុទ្ធសាស្ត្រដូចខាងក្រោម៖
- កែលម្អកម្មវិធីសិក្សា អភិវឌ្ឍកម្មវិធីសិក្សាជាប្រចាំ ឲ្យស្របតាមស្តង់ដាគុណវុឌ្ឍជាតិ និងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត ។
- អភិវឌ្ឍខ្លួនឲ្យក្លាយទៅជាសាកលវិទ្យាល័យដែលឈានមុខគេក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់
- ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង ការរៀន បង្រៀន ជាប្រចាំដើម្បីធានាបាននូវប្រសិទ្ធផល លទ្ធផល និងទំនួលខុសត្រូវខ្ពស់ ។
រចនាសម្ព័ន្ធ

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ
កម្មវិធីសិក្សារបស់មហាវិទ្យាល័យត្រូវបានបង្កើតឡើងដោយស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិ ព្រមទាំងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា និងទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគតដោយមានការប្រឹក្សាយោបល់ពីស្ថាប័នរដ្ឋ-ឯកជន អង្គការនានា ព្រមទាំងសាស្ត្រាចារ្យមានបទពិសោធខ្ពស់មកពីសាកលវិទ្យាល័យជាតិ-អន្តរជាតិជាមិត្ត។
មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបណ្ដុះបណ្ដាលនូវជំនាញចំនួន២គឺ៖
- បច្ចេកវិទ្យាព័ត៌មានវិទ្យា
- វិស្វកម្មសំណង់ស៊ីវិល
- អគ្គិសនី អេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិកម្ម
ថ្នាក់បរិញ្ញាបត្រ បច្ចេកវិទ្យាពត៌មានវិទ្យា
កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញបច្ចេកវិទ្យាពត៌មាន ត្រូវបានរៀបចំឡើងដោយរួមបញ្ចូលទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ដើម្បីផ្ដល់អោយនិស្សិតនូវចំណេះដឹង និងជំនាញច្បាស់លាស់។ ក្រោយបញ្ចប់ការសិក្សា និស្សិតនឹងមានសមត្ថភាពក្នុងការតប្រព័ន្ធបណ្ដាញអ៊ីនធឺណិត ដោះស្រាយបញ្ហាផ្សេងៗ រចនាខិតប័ណ្ណ និងជាពិសេសនិស្សិតអាចសរសេរកូដអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ការពារនូវពត៌មានឲ្យមានសុវត្ថិភាព សរសេរកូដកម្មវិធីសម្រាប់កុំព្យូទ័រ និងទូរស័ព្ទវៃឆ្លាត ។
- គ្រប់គ្រង និងរៀបចំប្រព័ន្ធបណ្ដាញកុំព្យូទ័រ
- គ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធពត៌មាន
- ជួសជុលកុំព្យូទ័រ និងដោះស្រាយបញ្ហាផ្សេងៗ
ឱកាសការងារជំនាញបច្ចេកវិទ្យាព័ត៌មាន
ជំនាញបច្ចេកវិទ្យាពត៌មាន គឺជាជំនាញមួយដែលកំពុងមានតម្រូវការខ្លាំង និស្សិតដែលបញ្ចប់ជំនាញបច្ចេកវិទ្យាពត៌មាន មានសមត្ថភាព៖
- គ្រប់គ្រង និងរៀបចំប្រព័ន្ធបណ្ដាញកុំព្យូទ័រ
- គ្រប់គ្រង និងអភិវឌ្ឍប្រព័ន្ធពត៌មាន
- ជួសជុលកុំព្យូទ័រ និងដោះស្រាយបញ្ហាផ្សេងៗ
- រចនាខិតប័ណ្ឌ កាត់តរូបភាព វីដេអូ
- សរសេរកម្មវិធី (កម្មវិធីកុំព្យូទ័រ កម្មវិធីទូរស័ព្ទ និងកម្មវិធីដំណើរការលើអ៊ីនធើណិត)
- ការងាររដ្ឋ និងឯកជន
- មន្ត្រីរាជការ គ្រូបង្រៀនផ្នែកICT
ថ្នាក់បរិញ្ញាបត្រ វិស្វកម្មសំណង់ស៊ីវិល
កម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រ ជំនាញសំណង់ស៊ីវិល ត្រូវបានរៀបចំឡើងដើម្បីផ្តល់អោយអ្នកសិក្សានូវចំណេះដឹង និងមានជំនាញយល់ដឹងច្បាស់លើការងារសាងសង់អាគារ ផ្លូវ ស្ពាន និង ថ្នល់ទាំងផ្នែកទ្រឹស្តី និង ការអនុវត្តន៌។ វគ្គសិក្សានេះបានរួមបញ្ចូលគ្នាទាំងទ្រឹស្តីគោលគំនិត ជាមួយនឹងកម្មវិធីអនុវត្តជាក់ស្តែងទាំងក្នុងមន្ទីរពិសោធន៍ និងនៅការដ្ឋានស្របតាមតម្រូវការរបស់ទីផ្សារការងារ ។
ឱកាសការងារជំនាញវិស្វកម្មសំណង់ស៊ីវិល
ជំនាញសំណង់ស៊ីវិលគឺជាជំនាញមួយដែលកំពុងមានតម្រូវការខ្លាំង និស្សិតដែលបញ្ចប់ជំនាញនេះ មានឱកាស៖
- ផ្នែកការដ្ឋាន (សុវត្ថិភាព និងដំណើរការការដ្ឋាន ចេះ
- ត្រួតពិនិត្យប្លង់សាងសង់ ចេះវិភាគ និងដោះស្រាយបញ្ហា
- ចេះប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់បានត្រឹមត្រូវ …)
- ការិយាល័យ(ការងារគូសប្លង់ គណនាគ្រឿងបង្គុំអាគារ រៀបចំប្លង់បណ្តាញទឹក …)
- ផ្នែកវាស់ស្ទង់ Surveying
- ការងារពិសោធន៍ (បេតុង ដី …)
- អ្នករចនាប្លង់អគារ
- ជាងម៉ៅការសំណង់
- ការងាររដ្ឋ និងឯកជនផ្សេងៗ ។





