សូមស្វាគមន៍មកកាន់សាលាក្រោយបរិញ្ញាបត្រ នៃសាកលវិទ្យាល័យជាតិបាត់ដំបង!
សាលាក្រោយបរិញ្ញាបត្រជាអង្គភាពឈានមុខលើការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត និងជាមជ្ឈមណ្ឌលឧត្តមភាពសម្រាប់ការស្រាវជ្រាវនៅប្រទេសកម្ពុជា ពិសេសភូមិភាគពាយ័ព្យនៃកម្ពុជា។ បច្ចុប្បន្នសាលាក្រោយបរិញ្ញាបត្របាននឹងកំពុងផ្តល់សេវាកម្មបណ្តុះបណ្តាលដល់និស្សិតមកពីគ្រប់ទិសទី ពិសេសក្នុងភូមិភាគពាយ័ព្យនៃកម្ពុជាលើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៦ជំនាញ និងបណ្ឌិតស្រាវជ្រាវ២ជំនាញសិក្សា ដែលការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រនេះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវឱកាសដល់និស្សិត បុគ្គលិកអប់រំ មន្ត្រីរាជការ បុគ្គលិកតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជននានា ក្នុងភូមិភាគពាយ័ព្យនៃកម្ពុជា ក្នុងការអភិវឌ្ឍនូវចំណេះដឹង សមត្ថភាព និងជំនាញស្រាវជ្រាវបន្ថែម ដើម្បីឈោងចាប់ឱកាសការងារល្អៗ និងទទួលបាននូវតួនាទីភារកិច្ចថ្មី ស្របតាមកាលានុវត្តភាពក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ាន។
ជាមួយជោគជ័យក្នុងកិច្ចការងារបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលកន្លងមក សាលាក្រោយបរិញ្ញាបត្រ បាននឹងកំពុងបន្តបណ្តុះបណ្តាលអ្នកបច្ចេកទេសជាន់ខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដែលមានសមត្ថភាពក្នុងការសិក្សា ស្រាវជ្រាវ វិភាគ ព្យាករណ៍ និងការធ្វើផែនការឆ្លើយតមនឹងការប្រែប្រួលរយៈពេលខ្លី មធ្យម និងវែង។ទន្ទឹមនឹងនេះ សាលាក្រោយបរិញ្ញាបត្រ បាននឹងកំពុងពង្រឹងគុណភាពនៃការបណ្តុះបណ្តាលលើជំនាញដែលមាន ព្រមទាំងបន្តពង្រីកវិសាលភាពក្នុងការបណ្តុះបណ្តាលបន្ថែមលើជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) អោយស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០៣០ ពិសេសការពង្រឹង និងពង្រីកកម្មវិធីសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិត ដែលជាធាតុចូលសំខាន់ក្នុងការកសាងធនធានមនុស្សក្នុងក្របខណ្ឌសាកលវិទ្យាល័យ ក៏ដូចជាភូមិភាគពាយ័ព្យ ដែលធាតុសំខាន់គាំទ្រនូវការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងតំបន់។សកម្មភាពនេះ ក៏ឆ្លើយតបនឹងចក្ខុវិស័យរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជាគ្រឹះស្ថានអប់រំឧត្តមសិក្សា ពហុជំនាញ និងស្រាវជ្រាវ ដែលមានកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តក្នុងក្របខណ្ឌជាតិ និងអន្តរជាតិឆ្នាំ២០៣០។ ដូច្នេះដើម្បីសំរេចបាននូវចក្ខុវិស័យនេះ ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពិតជាមានសារសំខាន់មិនអាចខ្វះបាន ក្នុងការកសាងធនធានមនុស្សស្នូល លើកកម្ពស់ការស្រាវជ្រាវ និងការបង្កើតថ្មី ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដោះស្រាយនូវបញ្ហាសង្គម វិទ្យាសាស្រ្តនានា ស្ថិតក្នុងបរិបទនៃសកលភាហូបនីយកម្ម និងកាលានុវត្តភាពក្នុងតំបន់។
ទស្សនៈទានស្នូលនិងស្មារតីនៃការបណ្តុះបណ្តាលក្នុងសាលាក្រោយបរិញ្ញាបត្រគឺប្រព្រឹត្តទៅតាមទិសស្លោកវប្បធម៌គុណភាពនៃសាកលវិទ្យាល័យជាតិបាត់ដំបងពោលក «គុណភាពនៃកម្មវិធីសិក្សា កំណត់ឧត្តមភាពនៃនិស្សិតបញ្ចប់ការសិក្សា ឧត្តមភាពនៃនិស្សិតបញ្ចប់ការសិក្សាកំណត់ភាពជឿទុកចិត្តនៃស្ថាប័ន»។
តាំងនាមអោយថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំក្នុងសាលាក្រោយបរិញ្ញាបត្រ ខ្ញុំបាទគោរពថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ លោក-លោកស្រី អ្នកនាង កញ្ញា នូវការជឿទុកចិត្តលើការបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្សាថ្ងៃនេះ ដើម្បីបង្កើនពុទ្ធិ ចំណេះដឹង និងចំណេះធ្វើ ដើម្បីឧត្តមភាពការងារ និងកិត្យានុភាពលើឆាកជាតិ និងអន្តរជាតិ។
សូមគោរពអរគុណ និងអរគុណ។
បណ្ឌិត ហ៊ុម ចាន់
នាយកស្តីសាលាក្រោយបរិញ្ញាបត្រ