សាកលវិទ្យាល័យជាតិបាត់ដំបង មានអគារសិក្សាដែលមានអាយុកាលរាប់សិនឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះ ត្រូវបានប្រើប្រាស់ធ្វើជាបន្ទប់ពិសោធន៍នានា សាលសន្និសីទ និងសាលប្រជុំជាដើម។ អគារនេះត្រូវបានសាងសង់ឡើង ដោយស្ថាបត្យករខ្មែរ លោកតា អ៊ឹង ក្រពុំផ្កា ក្នុងឆ្នាំ១៩៦៤ ដែលមនុស្សភាគច្រើនយល់ច្រលំថាអគារដែលមានដំបូលរាងទឹករលកមួយនេះ ជាស្នាដៃរបស់បិតាស្ថាបត្យករខ្មែរសម័យទំនើប លោកតា វណ្ណ មុន្នីវណ្ណ ទៅវិញ។

ខាងក្រោមនេះ គឺជាប្រវត្តិខ្លះៗនៃសាកលវិទ្យាល័យជាតិបាត់ដំបង៖

  • ក្នុងឆ្នាំ ១៩៦៥ ជាសាកលវិទ្យាល័យភូមិន្ទបាត់ដំបង ដែលត្រូវបានសាងសង់ និងដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការក្រោមព្រះរាជធិបតីភាពដ៍ខ្ពង់ខ្ពស់បំផុត សម្តេច ព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩៦៨
  • ចន្លោះពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ត្រូវបានប្រើប្រាស់ជាបន្ទប់ប្រជុំរបស់កម្មាភិបាលប៉ុលពត
  • ចន្លោះពីឆ្នាំ១៩៧៩ ដល់ ១៩៩០ ត្រូវបានប្រើប្រាស់ជាជំរុំ និង ជាបន្ទាយបណ្តុះបណ្តាលយោធា
  • ចន្លោះពីឆ្នាំ១៩៩៣ ដល់ ១៩៩៤ ត្រូវបានប្រើប្រាស់ជានិវេសនដ្ឋានរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ឬហៅកាត់ថាអ៊ុនតាក់ និងជាកន្លែងសម្រាប់ដាក់ជនរងគ្រោះដោយសារសង្គ្រាម
  • ចន្លោះពីឆ្នាំ១៩៩៤ ដល់ ១៩៩៨ ត្រូវបានប្រើប្រាស់ជាសាលាគរុកោសល្យភូមិភាគបាត់ដំបង
  • ចន្លោះពីឆ្នាំ ១៩៩៨ ដល់ ២០០៧ ត្រូវបានប្រើប្រាស់ជាអគារនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាខាខេត្តបាត់ដំបង
  • ចាប់ពីឆ្នាំ២០០៧ ត្រូវបានប្រែក្លាយជាសាកលវិទ្យាល័យបាត់ដំបង ដោយអនុក្រឹត្យលេខ ២៧ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ២០០៧ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលគឺ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្រោមគំនិតផ្តួចផ្តើមនិងឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង
    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងសប្បុរសជននានា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលបន្ថែមនានាយ៉ាងច្រើនសក្តិសមជាសាកលវិទ្យាល័យពហុជំនាញដ៏មានសក្តានុពលនៅកម្ពុជា។
  • នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ សាកលវិទ្យាល័យបាត់ដំបងត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យជាតិបាត់ដំបង តាមរយៈអនុក្រឹត្យលេខ ២០៦ អនក្រ.បក។
default
Facebook