សូមស្វាគមន៍មកកាន់ការិយាល័យធានាគុណភាពផ្ទៃក្នុងនៃសាកលវិទ្យាល័យជាតិបាត់ដំបង
ការិយាល័យធានាគុណភាពផ្ទៃក្នុងត្រូវបានបង្កើតនិងដាក់ឱ្យប្រតិបត្តិស្របពេលដែលសាកលវិទ្យាល័យជាតិបាត់ដំបងត្រូវបានក្រសួងអប់រំ យុវជន និងកីឡាប្រកាសដាក់ឱ្យដំណើរការផ្លូវការដោយប្រកាសលេខ៣០៥៩ អយក.ប្រក ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០០៩។ ចាប់តាំងពីឆ្នាំ២០០៩ ការិយាល័យធានាគុណភាពផ្ទៃក្នុងស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់ពីថ្នាក់ដឹកនាំដោយមានសាកលវិទ្យាធិការរង និងសាកលវិទ្យាធិការផ្ទាល់ រហូតដល់ឆ្នាំ២០១៨ លោកលី វណ្ណារ័ត្ន ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាប្រកាសការតែងតាំងជាប្រធានការិយាល័យនេះតាមរយៈប្រកាសលេខ៩៨៧ អយក.ប្រក ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

ឆ្នាំ២០០៩៖ ប្រកាសដាក់ឱ្យប្រើប្រាស់ និងគ្រប់គ្រងដោយ សាកលវិទ្យធិការ/សាកលវិទ្យាធិការរង និងបុគ្គលិកកិច្ចសន្យា
ឆ្នាំ២០១៨៖ គ្រប់គ្រងដោយ សាកលវិទ្យធិការ/សាកលវិទ្យាធិការរង និងប្រធានការិយាល័យ
បច្ចុប្បន្ន៖ គ្រប់គ្រងដោយសាកលវិទ្យាធិការរង ប្រធានការិយាល័យ និងបុគ្គលិកកិច្ចសន្យា២រូប
ចក្ខុវិស័យ៖ ពង្រឹងគុណភាពអប់រំឈានទៅរកស្តង់ដាអន្តរជាតិនៅឆ្នាំ២០៣០។
បេសកកម្ម៖
១. បញ្ជ្រាបវប្បធម៌គុណភាពទៅគ្រប់ផ្នែក និងគ្រប់លំដាប់ថ្នាក់នៃមន្រ្តីគ្រប់គ្រង បុគ្គលិកទាំងអស់។
២. បង្កើននិងពង្រឹងគុណភាពអប់រំគ្រប់កម្រិតឱ្យស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។
៣. ត្រៀមខ្លួនក្នុងការស្នើសុំការទទួលស្គាល់គុណភាពអប់រំទាំងថ្នាក់ជាតិ ទាំងថ្នាក់អន្តរជាតិ។
រចនាសម្ព័ន្ធ

ប្រព័ន្ធធានាគុណភាពអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង
សាកលវិទ្យាល័យជាតិបាត់ដំបង ប្រើប្រព័ន្ធធានាគុណភាពអប់រំទ្វេភាពគឺការធានាគុណភាពអប់រំផ្ទៃក្នុង និងការវាយតម្លៃទទួលស្គាល់គុណភាពអប់រំពីខាងក្រៅ (NUBB QA SYSTEM = IQA + EQA)។
១ .ការធានាគុណភាពផ្ទៃក្នុង (NUBB-IQA)

វដ្ដនៃការធានាគុណភាពអប់រំរបស់សាកលវិទ្យាល័យជាតិបាត់ដំបង អនុវត្តជាប្រព័ន្ធលើ៤ដំណាក់កាលគឺ PICE (P=PLANNING, I=IMPLEMENTING, C=CHECKING, E=ENHANCING) ដែលមាន
អត្ថន័យដូចខាងលើ៖
– PLANNING : រៀបចំផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព ផែនការបណ្ដុះបណ្ដាល និងផែនការថវិកា ដែលមានភាពច្បាស់លាស់ អាចវាស់វែងបាន អាចសម្រេចបាន មានភាពទាក់ទង និងកំណត់ពេលវេលាអនុវត្តជាក់លាក់ (SMART) ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំគ្រប់គ្រង និងលើកកម្ពស់គុណភាពអប់រំគ្រប់កម្រិតសិក្សា។
– IMPLEMENTING : ដឹកនាំគ្រប់គ្រងការងារសាកលវិទ្យាល័យ ផ្អែកលើផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព ផែនការបណ្តុះបណ្តាល ផែនការថវិកា ស្តង់ដាគុណភាពអប់រំ គោលការណ៍ នីតិវិធី សេចក្ដីណែនាំ និងបទបញ្ញត្តិនានារបស់សាកលវិទ្យាល័យ ដើម្បីសម្រេចចក្ខុវិស័យ បេសកកម្មដែលបានកំណត់ ប្រកបដោយប្រសិទ្ធភាព និងភាពសក្តិសិទ្ធ។
– CHECKING : ពិនិត្យតាមដានការអនុវត្តការងាររបស់សាកលវិទ្យាល័យ ព្រមទាំងធ្វើការវាយតម្លៃគុណភាពអប់រំផ្ទៃក្នុង និងការវាយតម្លៃគុណភាពអប់រំពីខាងក្រៅ ដើម្បីរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ ក្នុងទិសដៅអភិវឌ្ឍសាកលវិទ្យាល័យឱ្យកាន់តែមានកិត្យានុភាពនិងឧត្តមភាព។
– ENHANCING : ពង្រឹងចំណុចខ្លាំង កែលម្អចំណុចខ្វះខាត អនុវត្តអនុសាសន៍ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងគ្រប់ភាគីពាក់ព័ន្ធ ពង្រឹងគុណភាពអប់រំឱ្យកាន់តែល្អប្រសើរ និងរៀបចំផែនការអភិវឌ្ឍសាកលវិទ្យាល័យ។
២. ការធានាគុណភាពពីខាងក្រៅ
ដើម្បីទទួលបានការទទួលស្គាល់គុណភាពអប់រំ សាកលវិទ្យាល័យជាតិបាត់ដំបង ធ្វើការស្នើសុំការវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានទាំងមូល(Institutional Accreditation)ពីស្ថាប័នទទួលស្គាល់គុណភាពអប់រំក្នុងក្របខ័ណ្ឌជាតិ និង ស្នើសុំទទួលស្គាល់គុណភាពអប់រំលើកម្មវិធី ឬជំនាញណាមួយ (Program Accredition) ពីស្ថាប័នទទួលស្គាល់គុណភាពអប់រំអន្តរជាតិ។
ទំនាក់ទំនងការិយាល័យធានាគុណភាពផ្ទៃក្នុង
E-mail: [email protected]
Tel: +855 93 708 090